(ST PETERSBURG, រុស្ស៉ី)៖ ប្រធានាធីបតីឥណ្ឌណេស៉ី លោក Prabowo Subianto បានជួបពិភាក្សាជាមួយប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងទីក្រុង St Petersburg ប្រទេសរុស្ស៉ី ដោយបើតាមវិមានក្រឹមឡាំង មេដឹកនាំទាំងពីរបានចុះហត្ថលេខា លើសេចក្តីប្រកាសស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រជាជាតិទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ ២០២៥។
នៅឯជំនួបនោះ លោក ពូទីន បានកត់សម្គាល់ពីការចូលរួមរបស់ឥណ្ឌូណេស៉ី ក្នុងក្រុមប្រទេស BRICS ជាសមាជិកពេញសិទ្ធិ ជាមួយនិងការបង្ហាញក្តីជឿជាក់ថា សមាជិកភាពថ្មីនេះនឹងរួមចំណែកយ៉ាងសំខាន់នៅក្នុងប្លុក។ ចំណែក លោក Prabowo បានថ្លែងអំណរគុណលោក ពូទីន សម្រាប់ការគាំទ្រសមាជិកភាពឥណ្ឌូនេស៉ី នៅក្នុង BRICS ហើយថាទំនាក់ទំនងប្រទេសទាំងពីរ មានភាពប្រសើរឡើង។
រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov និងរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៉ី លោក Sugiono កាលពីដើមសប្តាហ៍នេះ បានលើកឡើងពីភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ហើយថារុស្ស៉ីបានលើកសំណើ ឱ្យមានការពង្រឹងទំនាក់ទំនងយោធា សន្តិសុខ ពាណិជ្ជកម្ម និងនុយក្លេអ៊ែរជាមួយឥណ្ឌូណេស៉ី។
គួរបញ្ជាក់ថា ឥណ្ឌូណេស៉ី ដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេនៅអាស៉ីអាគ្នេយ៍ បច្ចុប្បន្នពឹងផ្អែកភាគច្រើនលើធ្យូងថ្ម ជាប្រភពថាមពល បើទោះបីជាខ្លួនមានសក្តានុពលដ៏ធំ ក្នុងប្រភពថាមពលកកើតឡើងវិញ ដូចជាវារីអគ្គិសនី ថាមពលព្រះអាទិត្យ និងកំដៅក្នុងផែនដីក៏ដោយ។ ឥណ្ឌូណេស៉ី កំពុងស្វែងរកការបង្កើនសមត្ថភាពផលិតថាមពលបន្ថែម ដោយសម្លឹងមើលលើថាមពលនុយក្លេអ៊ែរ ជាដំណោះស្រាយ៕