(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កំពុងប្រឈមមុខនឹងការបាត់បង់សំឡេងភាគច្រើននៃរដ្ឋាភិបាលរបស់លោកស្រី នៅថ្ងៃសុក្រ ទី២០ ខែមិថុនា ខណៈដៃគូដ៏សំខាន់មួយ ក្នុងក្រុមចម្រុះគ្រោងនឹងទាមទារឱ្យលោកស្រីលាលែងចេញពីតំណែង ក្រោយឡើងកាន់អំណាចបានជាង១០ខែ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោកស្រី Paetongtarn កំពុងប្រឈមមុខនឹងសម្ពាធពីគ្រប់ទិសមានចាប់ពីបញ្ហាសេដ្ឋកិច្ច ជម្លោះព្រំដែនជាមួយកម្ពុជា និងថ្មីចុងក្រោយបំផុតគឺផ្ទុះរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ មន្ត្រី២រូបនៃគណបក្ស United Thai Nation (UTN) ប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាគណបក្ស United Thai Nation ដែលជា បក្សដៃគូធំទី២ ក្នុងក្រុមចម្រុះនាពេលសព្វថ្ងៃ នឹងទាមទារឱ្យលោកស្រី Paetongtarn លាលែងចេញពីតំណែង ជាលក្ខខណ្ឌដើម្បីឱ្យគណបក្សរបស់ខ្លួនបន្តស្ថិតក្នុងរដ្ឋាភិបាលចម្រុះរបស់លោកស្រី។
«ប្រសិនបើលោកស្រីមិនព្រមលាលែងពីតំណែងទេ នោះគណបក្សនឹងដើរចេញពីរដ្ឋាភិបាល»។ នេះជាការបញ្ជាក់របស់មន្ត្រីម្នាក់នៃគណបក្ស UTN។
គួរបញ្ជាក់ថា បើទោះជាលោកស្រី Paetongtarn ទទួលបានការគំាទ្រពីបក្សជាដៃគូផ្សេងទៀត គឺបក្សប្រជាធិបតេយ្យដែលបានសន្យាបន្តស្ថិតក្នុងក្រុមចម្រុះក៏ដោយ ក៏នាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រថៃរូបនេះ នៅតែស្ថិតក្នុងស្ថានការណ៍មិនច្បាស់លាស់ ដោយសំឡេងភាគច្រើននៃរដ្ឋាភិបាលរបស់លោកស្រីកំពុងពឹងផ្អែកលើគណបក្ស UTN បន្ទាប់ពីបក្ស Bhumjaithai បានដកខ្លួន ចេញពីរដ្ឋាភិបាលកាលពីថ្ងៃពុធ។ គណបក្ស UTN មិនបាននិយាយថាតើនឹងប្រកាសពីការសម្រេចចិត្តរបស់ខ្លួននៅពេលនោះទេ ហើយនៅពេលត្រូវបានសាកសួរពីការសម្រេចចិត្ត អ្នកនាំពាក្យ UTN បានបដិសេធផ្ដល់សេចក្ដីលម្អិត ដោយនិយាយថាបក្សកំពុងរង់ចាំមេដឹកនាំបក្សជូនដំណឹងទៅកាន់នាយករដ្ឋមន្ត្រីជាមុនសិន៕