(ហ្ស៊េរុយសាឡិម)៖ អ៉ីស្រាអែល បានវាយតម្លៃថាការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន បានបង្អាក់ដំណើរការផលិតអាវុធនុយក្លេអ៊ែររបស់អ៉ីរ៉ង់បានយ៉ាងហោច ២ ទៅ៣ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Gideon Saar នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ Bild ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២១ ខែមិថុនា បាននិយាយថា ការវាយលុករបស់អ៉ីស្រាអែលដែលបានវាយប្រហារលើទីតាំងយោធា និងនុយក្លេអ៊ែររាប់សិបកន្លែង ដោយបានសម្លាប់ទាំងមេបញ្ជាការកំពូលៗ និងអ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែររបស់អ៉ីរ៉ង់ សម្រេចបានជោគជ័យយ៉ាងអស្ចារ្យ។

លោក Saar បានគូសបញ្ជាក់បន្ថែមថា «តាមការវាយតម្លៃដែលយើងបានដឹង យើងបានបង្អាក់រួ​ចទៅហើយនូវដំណើរការផលិតអាវុធនុយក្លេអ៊ែររបស់អ៉ីរ៉ង់ យ៉ាងហោច ២ ទៅ៣ឆ្នាំ។ យើងសម្រេចចបានសមិទ្ធផលយ៉ាងច្រើន ប៉ុន្តែយើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលយើងអាចធ្វើបាន ហើយយើងនឹងមិនបញ្ឈប់ទេ រហូតទាល់តែយើងអាច លុបបំបាត់ការគំរាមកំហែង»។ តាមរដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែលរូបនេះ រដ្ឋាភិបាលអ៉ីស្រាអែលមិនបានកំណត់ការផ្លាស់ប្ដូររបបដឹកនាំ នៅក្នុងប្រទេសអ៉ីរ៉ង់ ជាកម្មវត្ថុមួយនៅក្នុងសង្រ្គាមនោះទេ គិតត្រឹមពេលនេះ។

គួរបញ្ជាក់ថា អ៉ីរ៉ង់ ដែលកំពុងសងសឹកទៅនឹងការវាយប្រហាររបស់អ៉ីស្រាអែល កាលពីថ្ងៃទី១៣ ខែមិថុនា នៅក្រោមទម្រង់មិនធ្លាប់មាន បានបដិសេធជារឿយៗថា ខ្លួនគ្មានមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរឡើយ៕