(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី២០ ខែមិថុនា បាននិយាយថានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ លោកស្រី Tulsi Gabbard បានវាយតម្លៃខុសដែលនិយាយថាគ្មានភស្តុតាងបញ្ជាក់ថាអ៉ីរ៉ង់កំពុងផលិតអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ត្រាំ បានបដិសេធការវាយតម្លៃរបស់លោកស្រី Gabbard កាលពីដើមឆ្នាំ២០២៥ ដែលនិយាយថាតេហេរ៉ង់មិនមែនកំពុងផលិតអាវុធនុយក្លេអ៊ែរ នៅពេលរូបលោកត្រូវបាន សាកសួរដោយក្រុមអ្នកសារព័ត៌មាននៅឯអាកាសយានដ្ឋានក្នុងទីក្រុង Morristown រដ្ឋ New Jersey។ លោក ត្រាំ បានបញ្ជាក់យ៉ាងខ្លីថាលោកស្រីវាយតម្លៃខុសហើយ។
គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២៥ លោកស្រី Gabbard បានផ្ដល់សក្ខីកម្មទៅកាន់សភាទាំង២របស់សហរដ្ឋអាមេរិកថាសហគមន៍ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក បានបន្តជឿជាក់ថាតេហេរ៉ង់មិនមែនកំពុងផលិតអាវុធនុយក្លេអ៊ែរនោះទេ។ «សហគមន៍ស៊ើបការណ៍សម្ងាត់ជាតិបន្តវាយតម្លៃថាអ៉ីរ៉ង់មិនមែនកំពុងផលិតអាវុធនុយក្លេអ៊ែរនោះទេ»។ នេះជាការគូសបញ្ជាក់របស់លោកស្រី នៅពេលនោះ។
ក៏ប៉ុន្តែ កាលពីថ្ងៃសុក្រ ទី២០ ខែមិថុនា លោកស្រី បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គមថាប្រព័ន្ធផ្សព្វផ្សាយបានយល់ខុសចំពោះការលើកឡើងរបស់លោកស្រី។ ប្រមុខ ចារកម្មអាមេរិករូបនេះបានលើកឡើងថា «សហរដ្ឋអាមេរិកទទួលបានព័ត៌មានសម្ងាត់ថាអ៉ីរ៉ង់កំពុងស្ថិតលើចំណុចដែលអាចផលិតអាវុធនុយក្លេអ៊ែរ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ ឬច្រើនខែ ប្រសិនបើអ៉ីរ៉ង់សម្រេចចិត្តថាផលិត។ លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់យ៉ាងច្បាស់រួចហើយថារឿងបែបនេះមិនអាចកើតឡើងឡើយ ហើយខ្ញុំយល់ស្រប»៕