(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បាន និងកំពុងប្រឹងប្រែងជម្នះនឹងសម្ពាធ និងការអំពាវនាវកាន់តែច្រើនឡើងឱ្យលោកស្រីចុះចេញពីតំណែង បន្ទាប់ពីផ្ទុះរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ដោយបង្កឱ្យមានការចោទប្រកាន់ថាលោកស្រីមិនបានបម្រើដល់ ផលប្រយោជន៍របស់ថៃ។ តែទោះជាបែបនេះក្ដី ក្រុមអ្នកវិភាគបាននិយាយថាលោកស្រីនឹងជួបការលំបាក ក្នុងការរក្សាតំណែង ខណៈសម្ពាធកំពុងកើនឡើងជាលំដាប់។ ដូច្នេះថាតើ លោកស្រី រួមទាំងរដ្ឋាភិបាលចម្រុះរបស់លោកស្រីអាចឆ្លងផុតគ្រោះកាចមួយនេះដែរឬទេ?

* អាទិភាពបន្ទាន់

លោក Olarn Thinbangtieo ជាសាស្ត្រាចារ្យម្នាក់មកពីមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងច្បាប់នៃសាកលវិទ្យាល័យ Burapha បាននិយាយថាគណបក្សភឿថៃរបស់ លោកស្រី Paetongtarn កំពុងក្រាញននៀលបន្តកាន់អំណាចដើម្បីអនុម័តច្បាប់សំខាន់ៗ ក្នុងនោះរួមមានច្បាប់ពាក់ព័ន្ធនឹងកាស៊ីណូជាដើម។ តាមអ្នកជំនាញរូបនេះ គណបក្សភឿថៃនឹងបញ្ចុះបញ្ចូលឱ្យគណបក្សជាដៃគូរនៅសេសសល់ក្នុងក្រុមចម្រុះបន្តស្ថិតនៅក្នុងរដ្ឋាភិបាល តាមរយៈការផ្ដល់តំណែងរដ្ឋមន្ត្រីសំខាន់ៗឱ្យពួកគេ។

តំណែងរដ្ឋមន្ត្រីសំខាន់ៗចំនួន៨ ក្នុងនោះរួមមានតំណែងរដ្ឋមន្ត្រីមហាផ្ទៃដែលកំពុងនៅទំនេរ បន្ទាប់ពីគណបក្ស Bhumjaithai ដកខ្លួនចេញពីក្រុមចម្រុះកាលពីថ្ងៃពុធ ទី១៨ ខែមិថុនា។ លោក Olarn បានកត់សម្គាល់ថាក្រុមចម្រុះដឹកនាំដោយគណបក្សភឿថៃ នៅតែបន្តរក្សាសំឡេងភាគច្រើនតិចតួច ក្នុងចំណោមសមាជិករដ្ឋសភាទាំង៥០០រូប ដើម្បី ធានាការរស់រានរយៈពេលខ្លី។ «ដោយគ្មានគណបក្ស Bhumjaithai រដ្ឋាភិបាលឥលូវមានអាសនៈនៅក្នុងដៃ ២៦០ ហើយដរាបណា គ្មានគណបក្សណាផ្សេងទៀតដកខ្លួនចេញ ក្រុមចម្រុះអាចនៅមានដង្ហើមដក។ គ្មានច្បាប់សំខាន់ៗណាមួយនឹងត្រូវបានអនុម័តឡើយ តែក្រុមចម្រុះអាចមានដង្ហើមដកសិនក្នុងពេលនេះ»។ នេះជាការលើកឡើងរបស់លោក Olarn ដោយបន្ថែមថាប្រសិនបើចាំបាច់ គណបក្សភឿថៃក៏អាចនឹងស្វែងរកផងដែរសំឡេងគាំទ្រពីសមាជិករដ្ឋសភាឯករាជ្យមួយចំនួននៅក្នុងចំណោមគណបក្សប្រឆាំង។

បញ្ហាក្រមសីលធម៌?

ប្រសិនបើលោកស្រី Paetongtarn ទទួលស្គាល់ ឬជឿថាការលើកឡើងរបស់លោកស្រីជាមួយសម្ដេចតេជោ បានបំពានលើក្រមសីលធម៌ លោកស្រីមានកតាព្វកិច្ចលាលែងចេញពី តំណែង។ នេះបើតាមលោក Olarn។ លោកស្រី Paetongtarn អាចនឹងត្រូវបានជំនួសតំណែងដោយបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជននាយករដ្ឋមន្ត្រី ៦នាក់៖ ដូចជាលោក Anutin Charnvirakul មកពីគណបក្ស Bhumjaithai លោក Chaikasem Nitisiri នៃគណបក្ស Pheu Thai លោក Prawit Wongsuwan មកពីគណបក្ស Palang Pracharath លោក Prayut Chan-o-cha ឬលោក Pirapan Salirathavibhaga មកពីគណបក្ស United Thai Nation ព្រមទាំងលោក Jurin Laksanawisit មកពីគណបក្ស Democrat។ ក៏ប៉ុន្តែ ប្រសិនបើលោកស្រី Paetongtarn បដិសេធលាលែងពីតំណែង ហើយគណបក្សជាដៃគូសេសសល់នៅតែបន្តស្ថិតនៅក្នុងក្រុមចម្រុះជាមួយបក្សភឿថៃ នោះគណបក្ស Bhumjaithai នឹងមិនអាចបង្កើតរដ្ឋាភិបាលថ្មីបានទេ។

ក្រុមអ្នកវិភាគខ្លះយល់ថាគណបក្សភឿថៃ អាចនឹងបណ្ដោយឱ្យលោកស្រី Paetongtarn លាលែងចេញពីតំណែង លុះត្រាតែគណបក្សអាចប្រមូលបានសំឡេងគ្រប់គ្រាន់ពីរដ្ឋសភា សម្រាប់បេក្ខជននាយករដ្ឋមន្ត្រីម្នាក់ទៀតរបស់ខ្លួន គឺអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Chaikasem។ ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រី បេក្ខជនម្នាក់ត្រូវប្រមូលឱ្យបានសំឡេង គាំទ្រភាគច្រើនពីរដ្ឋសភា។ តែជម្រើសនេះក៏អាចប្រថុយនឹងគ្រោះថ្នាក់ផងដែរ។ ពោលគឺបើសមាជិករដ្ឋសភាភាគច្រើនបោះឆ្នោតគាំទ្រឱ្យបេក្ខជនណាម្នាក់មកពីគណបក្សជាគូប្រជែង ដូចជា Bhumjaithai ឬក៏ People’s Party នោះគណបក្សភឿថៃអាចនឹងក្លាយជាបក្សប្រឆាំងវិញ។

* ជម្រើសដ៏ពិបាក

តាមលោក Olarn វានៅមានជម្រើសផ្សេងមួយទៀតសម្រាប់លោកស្រី Paetongtarn នោះគឺការរំលាយរដ្ឋសភា និងអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតមុនអាណត្តិ ក្នុងរយៈពេល ៦០ថ្ងៃ។ ការបោះឆ្នោតមុនអាណត្តិមួយ នឹងទុកឱ្យក្រុមគណបក្សអភិរក្សនិយម ជាពិសេស Bhumjaithai មានឱកាសតិចតួចប៉ុណ្ណោះដើម្បីយកឈ្នះលើគណបក្ស People’s Party ជាអតីតគណបក្ស Move Forward ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០២៣។ ក្រុមអ្នកវិភាគខ្លះបាននិយាយថាការរំលាយរដ្ឋសភា គឺជាជម្រើសចុងក្រោយមួយសម្រាប់លោកស្រី Paetongtarn និងគណបក្សភឿថៃ ក៏ព្រោះតែបក្សនេះទំនងជានឹងមិនអាចឈ្នះគណបក្ស People’s Party នៅក្នុងការបោះឆ្នោតថ្មី ណាមួយនោះទេ។ People’s Party ជាគណបក្សប្រឆាំងដ៏ធំដែលត្រូវបានបង្កើតចេញពីគណបក្ស Move Forward។ Move Forward បានទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពី ឆ្នាំ២០២៣ ប៉ុន្តែបានបរាជ័យក្នុងការបង្កើតរដ្ឋាភិបាល បន្ទាប់ពីក្រុមបក្សអភិរក្សនិយមក្នុងរដ្ឋសភារារាំងមិនឱ្យលោក Pita Limjaroenrat ក្លាយជានាយករដ្ឋមន្ត្រី។

យ៉ាងណាក៏ដោយ ប្រសិនបើការបោះឆ្នោតមុនអាណត្តិណាមួយមិនអាចផ្ដល់សំឡេងភាគច្រើនដល់គណបក្ស People’s Party បានទេ នោះការសង្ស័យអាចនឹងកើនឡើងថាតើ បក្សមួយនេះអាចនឹងរួមដៃបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយជាមួយគណបក្សភឿថៃដែរឬក៏យ៉ាងណា នៅក្រោយការបោះឆ្នោត? គណបក្សភឿថៃត្រូវបានចោទប្រកាន់ជាជនក្បត់ ក្នុងឆ្នាំ២០២៣ នៅពេលបោះបង់ចោលគណបក្ស Move Forward រត់ទៅបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សអភិរក្សនិយមរបស់រដ្ឋាភិបាលលោក Prayut។

បើតាមលោក Olarn វាមានលទ្ធភាពតិចតួចណាស់ដែលរដ្ឋប្រហារនឹងផ្ទុះឡើង ដោយសារតែការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទរបស់លោកស្រី Paetongtarn ជាមួយសម្ដេចតេជោ ហ៊ុន សែន។ ដ្បិត ស្ថានការណ៍នយោបាយថៃបច្ចុប្បន្ន មិនទាន់ផ្ដល់ហេតុផលគ្រប់គ្រាន់ឱ្យយោធាធ្វើអន្តរាគមន៍នោះទេ។ ការអំពាវនាវឱ្យយោធាធ្វើអន្តរគមន៍មានការកើនឡើង ខណៈ ក្រុមអ្នករិះគន់បានចាប់ផ្ដើមចោទប្រកាន់ថាលោកស្រី Paetongtarn បានលក់ប្រទេសជាតិដើម្បីប្រយោជន៍ផ្ទាល់ខ្លួន៕