(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែល នៅថ្ងៃសៅរ៍ ទី២១ ខែមិថុនា បាននិយាយថាកងទ័ពជើងទឹករបស់ខ្លួន បានវាយប្រហារលើទីតាំងហេដា្ឋរចនាសម្ព័ន្ធមួយរបស់ក្រុមហេសបូឡា ស្ថិតនៅក្បែរទីក្រុង Naqoura នៃភាគខាងត្បូងប្រទេសលីបង់ មួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែលព្រមានក្រុមប្រដាប់អាវុធមួយនេះកុំឱ្យលូកដៃចូលក្នុងជម្លោះរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
យោធាអ៉ីស្រាអែល បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «កាលពីយប់ថ្ងៃសុក្រ នាវាចម្បាំងមួយគ្រឿងរបស់កងទ័ពជើងទឹកអ៉ីស្រាអែលបានវាយប្រហារលើទីតាំង ហេដ្ឋារចនាសម្ព័ន្ធមួយរបស់កងកម្លាំង Radwan Force នៃក្រុមភេរវករហេសបូឡា ស្ថិតក្នុងភូមិមួយនៃទីក្រុង Naqoura ភាគខាងត្បូងលីបង់»។ យោធាអ៉ីស្រាអែលបន្ថែមថាទីតាំងនេះ ត្រូវបានក្រុមហេសបូឡាប្រើប្រាស់ជាមួយមូលដ្ឋានដើម្បីវាយប្រហារលើអ៉ីស្រាអែល។
គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលលីបង់ មនុស្សម្នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយដ្រូនរបស់អ៉ីស្រាអែលលើម៉ូតូមួយគ្រឿង នៅក្នុងភូមិខាងលើដដែល នៃភាគខាងត្បូង លីបង់៕