(មូស្គូ)៖ សារព័ត៌មាន Sky News Arabia នៅថ្ងៃសៅរ៍ ទី២១ ខែមិថុនា បានរាយការណ៍ថារុស្ស៉ីបានប្រាប់អ៉ីស្រាអែលថាមិនមានភស្តុតាងបញ្ជាក់បានថាអ៉ីរ៉ង់មានមហិច្ឆតាផលិត អាវុធនុយក្លេអ៊ែរនោះទេ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Sky News Arabia ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការស្រង់សម្ដីពីប្រធានាធិបតីរុស្ស៉ី លោក វ៉្ល៉ាឌីមៀ ពូទីន នៅក្នុងបទសម្ភាសន៍។ សារព័ត៌មាននេះបានស្រង់សម្ដីលោក ពូទីន ដែលបានលើកឡើងដូច្នេះថា «រុស្ស៉ី ព្រមទាំងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA មិនមានភស្តុតាងណាមួយបង្ហាញថាអ៉ីរ៉ង់កំពុងត្រៀមលក្ខណៈផលិតអាវុធនុយក្លេអ៊ែរឡើយ ហើយ​យើងបានជូនដំណឹងនេះទៅកាន់មេដឹកនាំអ៉ីស្រាអែលម្ដងហើយម្ដងទៀត»។ ក្នុងបទសម្ភាសន៍នោះ លោក ពូទីន បន្តទៀតថារុស្ស៉ីបានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រអ៉ីរ៉ង់នៅក្នុងការអភិវឌ្ឍ កម្មវិធីនុយក្លេអ៊ែរស៊ីវិល។

គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថាមួយនៅវេទិកាសេដ្ឋកិច្ចក្នុងទីក្រុង St. Petersburg កាលពីថ្ងៃសុក្រ លោក ពូទីន ក៏បានកត់សម្គាល់ដែរថារុស្ស៉ីបានចែករំលែកគំនិតរបស់ខ្លួនថាតើត្រូវបញ្ចប់ ជម្លោះបង្ហូរឈាមរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ដោយវិធីណាជាមួយភាគីទាំងសងខាង។ ប៉ុន្តែលោកមិនបានបញ្ជាក់ថាតើជាគំនិតអ្វីនោះទេ៕