(បាងកក)៖ ប្រភពពីគណបក្ស Pheu Thai បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា រដ្ឋមន្រ្តីការពារជាតិថៃ លោក Phumtham Wechayachai នឹងត្រូវផ្លាស់ទៅកាន់តំណែងជារដ្ឋមន្រ្តីមហាផ្ទៃថ្មី ក្នុងការរុះរើគណៈរដ្ឋមន្រ្តីនាពេលខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥។
នៅថ្ងៃអាទិត្យនេះ នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra នឹងជួបប្រជុំជាមួយបណ្តាមេដឹកនាំគណបក្ស ដែលស្ថិតក្នុងក្រុមចម្រុះ។ បើតាមការរំពឹងទុក លោកស្រី នឹងជូនដំណឹងដល់មេដឹកនាំបក្សជាដៃគូទាំងនោះថា ក្រោយការដកខ្លួនរបស់បក្ស Bhumjaithai ក្នុងសប្តាហ៍នេះ ឥឡូវតំណែងចំនួន៨ក្នុងគណៈរដ្ឋមន្រ្តីគឺនៅទំនេរ ហើយនឹងត្រូវបែងចែកឡើងវិញ ក្នុងចំណោមដៃគូដែលនៅសេសសល់។
គណបក្សក្នុងក្រុមចម្រុះ នឹងត្រូវស្នើឱ្យបញ្ជូនឈ្មោះបេក្ខជនរបស់ពួកគេ នៅក្រោមចំនួនកូតាដែលត្រូវបានកែសម្រួលថ្មី។ បន្ទាប់មក លេខាធិការដ្ឋានគណៈរដ្ឋមន្រ្តី នឹងធ្វើការត្រួតពិនិត្យប្រវត្តិរូប និងវាយតម្លៃគុណវឌ្ឍបេក្ខជនរដ្ឋមន្រ្តីទាំងនោះ មិនយូរជាងថ្ងៃចន្ទសប្តាហ៍ក្រោយនេះ មុនពេលបញ្ជីឈ្មោះគណៈរដ្ឋមន្រ្តីថ្មី ត្រូវបញ្ជូនទៅកាន់ព្រះរាជវាំង ដើម្បីទទួលបានការអនុម័ត។
គួរបញ្ជាក់ថា ក្នុងការរុះរើគណៈរដ្ឋមន្រ្តីខាងលើ លោក Phumtham ត្រូវបានរំពឹងថា នឹងបោះបង់ចោលតំណែងរដ្ឋមន្រ្តីការពារជាតិ ដើម្បីទៅដឹកនាំក្រសួងមហាផ្ទៃ ជំនួសលោក Anutin Charnvirakul មេដឹកនាំគណបក្ស Bhumjaithai ដែលបានលាលែងពីតំណែង។ អនុរដ្ឋមន្រ្តីការពារជាតិថៃ លោក Natthapon Nakpanich នឹងត្រូវឡើងជារដ្ឋមន្រ្តីការពារជាតិថ្មី ហើយលោក Sunai Praphuchanay អតីតមេបញ្ជាការនៃបញ្ជាការដ្ឋានកងកម្លាំងពិសេស នឹងក្លាយជាអនុរដ្ឋមន្រ្តីការពារជាតិថ្មី៕