(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយនៅថ្ងៃអាទិត្យថា ការវាយប្រហាររបស់យោធាសហរដ្ឋអាមេរិកទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មិនមែនជាការត្រួសត្រាយផ្លូវសម្រាប់ផែនការផ្លាស់ប្តូររបបនោះទេ ហើយថា សារឯកជនត្រូវបានផ្ញើទៅកាន់ទីក្រុងតេអេរ៉ង់ដើម្បីលើកទឹកចិត្តឲ្យមានការចរចា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។
ទោះជាយ៉ាងណា លោក Hegseth បានព្រមានអ៊ីរ៉ង់មិនឲ្យធ្វើតាមការគំរាមកំហែងសងសឹកកន្លងមកប្រឆាំងនឹងសហរដ្ឋអាមេរិកឡើយ ដោយបញ្ជាក់ថា កងកម្លាំងអាមេរិកត្រៀមខ្លួនរួចជាស្រេចដើម្បីការពារខ្លួន និងចាត់វិធានការបើចាំបាច់។ លោកបានហៅប្រតិបត្តិការនេះថាជា «ប្រតិបត្តិការជាក់លាក់មួយ ដើម្បីបន្សាបការគំរាមកំហែងដល់ផលប្រយោជន៍ជាតិរបស់យើង ដែលបង្កឡើងដោយកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់»។
ឧត្តមសេនីយ៍កំពូលរបស់អាមេរិក លោក Dan Caine បានឲ្យដឹងថា ប្រតិបត្តិការនេះមានឈ្មោះថា "Operation Midnight" ហើយបានប្រើប្រាស់គ្រាប់បែកទម្លុះលេនដ្ឋាន ១៤គ្រាប់ មីស៊ីល Tomahawk ជាង ២៤គ្រាប់ និងយន្តហោះយោធាជាង ១២៥គ្រឿង។ លោក Caine បាននិយាយថា ការវាយតម្លៃបឋមបង្ហាញថា ទីតាំងទាំងបីបានរងការខូចខាត និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ លោកក៏បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិកបានបង្កើនការការពារកងទ័ពក្នុងតំបន់ ហើយកងកម្លាំង «នៅតែមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនពេញលេញដើម្បីឆ្លើយតប» ចំពោះការសងសឹកណាមួយ។
ជាការឆ្លើយតប អ៊ីរ៉ង់បានបាញ់មីស៊ីលមួយខ្សែមកលើអ៊ីស្រាអែល ដែលបានធ្វើឲ្យខូចខាតមន្ទីរពេទ្យ និងសម្លាប់ជនស៊ីវិល។ ប៉ុន្តែ ក្នុងការប៉ុនប៉ងបញ្ចៀសសង្គ្រាមពេញបន្ទុក អ៊ីរ៉ង់មិនទាន់បានអនុវត្តការគំរាមកំហែងចម្បងរបស់ខ្លួន ក្នុងការកំណត់គោលដៅលើមូលដ្ឋានទ័ពអាមេរិក ឬបិទច្រកសមុទ្រ Hormuz នៅឡើយទេ ទោះបីជាសភាអ៊ីរ៉ង់បានអនុម័តការបិទច្រកនេះរួចហើយក៏ដោយ ដោយរង់ចាំការសម្រេចចិត្តចុងក្រោយពីក្រុមប្រឹក្សាសន្តិសុខកំពូលរបស់ប្រទេស៕