(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃចន្ទ ទី២៣ ខែមិថុនា បាននិយាយថាទីក្រុងកង់បេរ៉ាគាំទ្រការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់ តែអំពាវនាវឱ្យមាន ការបន្ធូរបន្ថយជម្លោះ និងត្រឡប់ទៅរកការចរចាតាមផ្លូវការទូត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងទីក្រុងកង់បេរ៉ា លោក Albanese បានលើកឡើងថា «ពិភពលោកបានឯកភាពគ្នាជាយូរមកហើយថាអ៉ីរ៉ង់មិនអាចត្រូវបានអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែរ ឡើយ ហើយយើងគាំទ្រសកម្មភាពដើម្បីរារាំងកុំឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ»។ តាមលោក Albanese ព័ត៌មានបានបង្ហាញយ៉ាងច្បាស់ថាអ៉ីរ៉ង់បានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់ ៦០ភាគរយ ហើយគ្មានការពន្យល់ថាតើហេតុអ្វីអ៉ីរ៉ង់ចម្រាញ់អ៊ុយរ៉ាញ៉ូមដល់៦០ភាគរយនោះទេ ក្រៅតែពីចូលរួមក្នុងកម្មវិធីមួយដែលមិនមែនជាថាមពលនុយក្លេអ៊ែរស៊ីវិល។

តែព្រមពេលជាមួយគ្នា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បាននិយាយថាការវាយប្រហារលើអ៉ីរ៉ង់ជាសកម្មភាពឯកតោភាគីរបស់សហរដ្ឋអាមេរិក ហើយថាអូស្ត្រាលីបានចូលរួម ជាមួយចក្រភពអង់គ្លេស និងបណ្ដាប្រទេសដទៃ ក្នុងការអំពាវនាវឱ្យអ៉ីរ៉ង់ត្រឡប់មករកតុចរចាឡើងវិញ៕