(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា ក្រសួងការបរទេសអាមេរិក បានចេញសារណែនាំឱ្យប្រុងប្រយ័ត្នទូទាំងពិភពលោក សម្រាប់ពលរដ្ឋអាមេរិក ដោយនិយាយថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងធ្វើឱ្យអ្នកដែលកំពុងធ្វើដំណើរ ឬរស់នៅក្រៅប្រទេស ប្រឈមហានិភ័យខ្ពស់ផ្នែកសន្តិសុខ។ នេះបើតាមាករចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
សារណែនាំរបស់ក្រសួងការបរទេសអាមេរិក បានននិយាយដូច្នេះថា «ជម្លោះរវាងអ៉ីស្រាអែលនិងអ៉ីរ៉ង់ បានបង្កឱ្យមានការរំខានចំពោះការធ្វើដំណើរ និងការបិទដែនអាកាស នៅពាសពាញមជ្ឈិមបូព៌ា។ ទន្ទឹមគ្នា ក៏មានលទ្ធភាពនៃការធ្វើបាតុកម្មតវ៉ាប្រឆាំងពលរដ្ឋ ឬមួយក៏ផលប្រយោជន៍អាមេរិកនៅក្រៅប្រទេសផងដែរ។ ដូច្នេះហើយ ក្រសួងការបរទេស សូមណែនាំឱ្យពលរដ្ឋអាមេរិកនៅជុំវិញពិភពលោក បង្កើនការប្រុងប្រយ័ត្នជាងមុន»។
យ៉ាងណាមិញ សេចក្តីថ្លែងការណ៍ខាងលើ ពុំមានការលើកឡើងអំពីការទម្លាក់គ្រាប់បែករបស់អាមេរិក លើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ឡើយ ជាទង្វើដែលទីក្រុងតេហេរ៉ង់បាននិយាយថា នឹងមានផលវិបាកដែលពុំអាចជួសជុលបាន។ កាលពីថ្ងៃអាទិត្យ អ៉ីរ៉ង់បានគំរាមមូលដ្ឋានអាមេរិកនៅមជ្ឈិមបូព៌ា ហើយព្រមានថា កងកម្លាំងអាមេរិក អាចនឹងត្រូវវាយប្រហារ ដើម្បីជាការសងសឹក។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ អាមេរិកបានចាប់ផ្តើមជើងហោះហើរជម្លៀសចេញពីអ៉ីស្រាអែល សម្រាប់ពលរដ្ឋអាមេរិក និងជនជាតិអាមេរិក ដែលមានទីលំនៅអចិន្រ្តៃយ៍នៅអ៉ីស្រាអែល ឬតំបន់ West Bank។ មិនតែប៉ុណ្ណោះ អាមេរិកក៏បានបង្គាប់ឱ្យបុគ្គលិកនៅតាមស្ថាបបេសកកម្មការទូតរបស់ខ្លួន ក្នុងប្រទេសអ៉ីរ៉ាក់និងលីបង់ ចាកចេញពីប្រទេសទាំងនោះ ផងដែរ៕