(បាងកក)៖ ក្រុមអ្នករាយការណ៍ពិសេស UN បានផ្ញើលិខិតមួយទៅកាន់រដ្ឋាភិបាលថៃ ដើម្បីជុំរិញឱ្យមានការបកស្រាយឱ្យលម្អិត អំពីចំណុចសំខាន់ចំនួន១០ ពាក់ព័ន្ធទៅនឹង កិច្ចប្រឹងប្រែងរបស់ប្រទេសថៃ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្លងព្រំដែន ទាក់ទងនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ នៅក្នុងតំបន់អាស៉ីអាគ្នេយ៍។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥។
លិខិតរបស់ UN បានចង្អុលទៅកាន់តួនាទីដ៏សំខាន់របស់ប្រទេសថៃ ក្នុងនាមជាកន្លែងឆ្លងកាត់សម្រាប់ជនរងគ្រោះនានា ដែលត្រូវនាំយកទៅកាន់មជ្ឈមណ្ឌលឆបោកអនឡាញ នៅឯតាមប្រទេសជិតខាង ជាពិសេសតំបន់ព្រំដែនជាមួយរដ្ឋ Karen នៃប្រទេសមីយ៉ាន់ម៉ា។ អ្វីដែលគួរឱ្យបារម្ភទៅទៀតនោះ គឺប្រតិបត្តិការទាំងអស់នេះមួយចំនួន ត្រូវគេដឹងថា ពឹងផ្អែកលើធនធានមកពីខាងថៃ រួមមានទាំងថាមពល ទូរគមនាគមន៍ បណ្តាញហិរញ្ញវត្ថុ ជាដើម។
ក្នុងលិខិតខាងលើ UN បានទាមទារឱ្យទីក្រុងបាងកក ផ្តល់ការបកស្រាយលម្អិតពាក់ព័ន្ធសំណួរបន្ទាន់មួយចំនួន រួមមានដូចជា គោលជំហររបស់រដ្ឋាភិបាល ជុំវិញការចោទប្រកាន់ផ្សេងៗ អំពីបញ្ហាជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆបោកអនឡាញ, ចំណាត់ការទ្វេភាគី/ពហុភាគី, បញ្ហាប្រឈមក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ, គោលការណ៍មិនដាក់ទោសទណ្ឌជនរងគ្រោះ, ការផ្តល់ការគាំទ្រនិងមើលថែទាំជនរងគ្រោះ, ការទប់ស្កាត់កុំឱ្យប្រើប្រាស់ធនធានក្នុងផ្លូវខុស, ចំណាត់ការឆ្លើយតបថ្នាក់តំបន់និងថ្នាក់ជាតិ និងការការពារសាធារណជន កុំឱ្យក្លាយជាជនរងគ្រោះ។
គួរបញ្ជាក់ថា ក្រុមអ្នករាយការណ៍ពិសេស UN បានសង្កត់ធ្ងន់ពីកាតព្វកិច្ចរបស់ថៃ នៅក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ជាពិសេសដោយយោងតាមច្បាប់ International Covenant on Civil and Political Rights (ICCPR), Palermo Protocol, និង ASEAN Convention Against Trafficking in Persons, Especially Women and Children (ACTIP) ហើយបានទទូចឱ្យប្រទេសថៃ ប្រកាន់ខ្ជាប់ខ្ជួននូវកាតព្វកិច្ចទាំងនេះ៕