(តេហេរ៉ង់)៖ ប្រទេសអ៊ីស្រាអែល នៅថ្ងៃចន្ទនេះបានបង្កើនយុទ្ធនាការវាយប្រហាររបស់ខ្លួនទៅលើអ៊ីរ៉ង់ ដោយបានធ្វើអ្វីដែលខ្លួនហៅថាជា «ការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុត» មកលើរដ្ឋធានីតេអេរ៉ង់ ដោយបានវាយប្រហារចំគោលដៅដ៏រសើបបំផុតមួយ គឺពន្ធនាគារ Evin។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។

ពន្ធនាគារ Evin ដែលត្រូវបានគេស្គាល់ថាជាកន្លែងឃុំខ្លួនអ្នកទោសនយោបាយ និងជាកន្លែងប្រហារជីវិត គឺជាផ្នែកមួយនៃនិមិត្តសញ្ញាដ៏មានឥទ្ធិពលបំផុតនៃប្រព័ន្ធគ្រប់គ្រងរបស់អ៊ីរ៉ង់។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានបញ្ជាក់យ៉ាងច្បាស់ថា ការវាយប្រហារនេះបង្ហាញថា អ៊ីស្រាអែលលែងកំណត់គោលដៅត្រឹមតែកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលទៀតហើយ ប៉ុន្តែនឹងវាយប្រហារលើ «គោលដៅរបស់របប និងស្ថាប័នគាបសង្កត់របស់រដ្ឋាភិបាល»។

ទីភ្នាក់ងារសារព័ត៌មាន Mizan របស់តុលាការអ៊ីរ៉ង់ បានបញ្ជាក់ថា ពន្ធនាគារនេះត្រូវបានវាយប្រហារមែន ប៉ុន្តែថាស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រង។ ការវាយប្រហារនេះ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានចូលរួមក្នុងសង្គ្រាមដោយផ្ទាល់ តាមរយៈការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

គួរបញ្ជាក់ថា ការវាយប្រហារដោយផ្ទាល់ទៅលើនិមិត្តសញ្ញានៃអំណាចរបស់របបដឹកនាំនៅទីក្រុងតេអេរ៉ង់ បានបង្ហាញថា ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ បានឈានចូលដល់ដំណាក់កាលថ្មីមួយដែលកាន់តែគ្រោះថ្នាក់ និងមិនអាចទាយទុកជាមុនបាន៕