(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ២៣ ខែមិថុនា បាននិយាយថាបទឈប់បាញ់ពេញលេញ និងទាំងស្រុងមួយរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ នឹងត្រូវចូលជាធរមាន ដើម្បីបិទបញ្ចប់ជម្លោះរវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ថា «វាមានការព្រមព្រៀងគ្នាពេញលេញរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ថានឹងមានបទឈប់បាញ់ពេញលេញ និងទាំងស្រុងមួយ...ខ្ញុំនឹងសាទរប្រទេសទាំង២ អ៉ីស្រាអែល និងអ៉ីរ៉ង់មានភាពធន់ ក្លាហាន និងឆ្លាតវៃដើម្បីបញ្ចប់សង្រ្គាមដែលគួរតែត្រូវបានហៅថាសង្រ្គាម១២ថ្ងៃ»។ តាមលោក ត្រាំ បទឈប់បាញ់ នឹងចាប់ផ្ដើមដំណើរការជាដំណាក់កាលក្នុងពេល ២៤ម៉ោង នៅថ្ងៃអង្គារនេះ ដោយអ៉ីរ៉ង់នឹងបញ្ឈប់ការវាយប្រហារ ហើយ ១២ម៉ោងក្រោយមក អ៉ីស្រាអែលនឹងបញ្ឈប់ការវាយប្រហារ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ក៏បានលើកឡើងដែរថាអ៉ីស្រាអែលជិតសម្រេចបានគោលដៅរបស់ខ្លួនក្នុងសង្រ្គាម ផ្លូវអាកាសជាមួយអ៉ីរ៉ង់។ ចំណែក មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់វិញបានប្រាប់ Reuters ថាតេហេរ៉ង់បានឯកភាពលើសំណើបទឈប់បាញ់ស្នើឡើងដោយសហរដ្ឋអាមេរិក៕