(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz នៅថ្ងៃអង្គារ ទី២៤ ខែមិថុនា បានចេញបញ្ជាឱ្យយោធាអ៉ីស្រាអែលវាយប្រហារលើទីក្រុងតេហេរ៉ង់ ជាការឆ្លើយតប ទៅនឹងអ្វីដែលលោកចោទថាជាការរំលោភបំពានបទឈប់បាញ់ដោយអ៉ីរ៉ង់។ ប៉ុន្តែតេហេរ៉ង់បានច្រានចោលការចោទប្រកាន់នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល អ៉ីរ៉ង់បានបាញ់មីស៊ីល២គ្រាប់វាយប្រហារលើអ៉ីស្រាអែល តែត្រូវបានប្រព័ន្ធការពារដែនអាកាសស្ទាក់ចាប់។ ក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Israel Katz បានឱ្យដឹងថារូបលោកបានចេញបញ្ជាឱ្យយោធាបន្តធ្វើប្រតិបត្តិការយ៉ាងខ្លាំងក្លាដោយកំណត់គោលដៅលើយោធា និងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងតេហេរ៉ង់ ដោយសារតែអ៉ីរ៉ង់ បានរំលោភបំពានលើបទឈប់បាញ់ប្រកាសដោយសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ អ៉ីរ៉ង់បានច្រានចោលការចោទប្រកាន់របស់អ៉ីស្រាអែល ដោយបដិសេធថាខ្លួនមិនបានបាញ់មីស៊ីលលើ អ៉ីស្រាអែលកាលពីប៉ុន្មានម៉ោងថ្មីៗនេះនោះទេ។ យ៉ាងណាក៏ដោយ អ៉ីរ៉ង់អះអាងថាបានប្រុងជើងការខ្ពស់ជានិច្ច ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានពីសត្រូវ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា បទឈប់បាញ់រវាងអ៉ីរ៉ង់ និងអ៉ីស្រាអែល ចាប់ផ្តើមចូលជាធរមានហើយនាថ្ងៃអង្គារនេះ ហើយបានទទូចឱ្យ ភាគីទាំងពីរ កុំរំលោភបំពាន។ អ៉ីស្រាអែល និងអ៉ីរ៉ង់ត្រូវបានរាយការណ៍ថាសុទ្ធតែបានទទួលស្គាល់ពីបទឈប់បាញ់ដែលប្រកាសដោយលោក ត្រាំ៕