(បាងកក)៖ ពីរឆ្នាំក្រោយការផ្លាស់ប្តូរទៅកាន់ការគ្រប់គ្រងបែបស៊ីវិល អ្នកវិភាគនយោបាយមើលឃើញថា មជ្ឈមណ្ឌលអំណាចនៅប្រទេសថៃ កំពុងចាប់ផ្តើមរអិលត្រឡប់ទៅក្នុងដៃរបស់យោធាវិញ បន្ទាប់ពីនាយករដ្ឋមន្ត្រី លោកស្រី ផែទងធាន ស៊ីណាវ៉ាត្រា បានធ្លាក់ក្នុងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរមួយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានជប៉ុន Nikkei Asia នៅថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥។
វិបត្តិនេះបានផ្ទុះឡើង បន្ទាប់ពីការបែកធ្លាយឃ្លីបសំឡេងនៃការសន្ទនារវាងលោកស្រី ផែទងធាន និងសម្តេច ហ៊ុន សែន ពាក់ព័ន្ធនឹងជម្លោះព្រំដែន ដែលបានបង្កជាកំហឹងសាធារណៈ និងបានជំរុញឲ្យគណបក្ស Bhumjaithai ដែលជាដៃគូសម្ព័ន្ធដ៏សំខាន់ ដកខ្លួនចេញពីរដ្ឋាភិបាល និងធ្វើឲ្យលោកស្រីប្រឈមមុខនឹងការស៊ើបអង្កេតពីព្រឹទ្ធសភា និងស្ថាប័នប្រឆាំងអំពើពុករលួយ។
គួរបញ្ជាក់ថា ខណៈដែលរដ្ឋាភិបាលស៊ីវិលកំពុងជាប់ដៃដោះស្រាយវិបត្តិផ្ទៃក្នុង យោធាថៃបានចេញមុខយ៉ាងសកម្ម ដោយបញ្ជាឲ្យបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា ដោយលើកហេតុផលសន្តិសុខជាតិ។ នេះគឺជាសញ្ញាដ៏ច្បាស់មួយដែលបង្ហាញថា យោធាកំពុងតែដណ្ដើមបានឥទ្ធិពលរបស់ខ្លួនមកវិញលើបញ្ហាសំខាន់ៗរបស់ជាតិ៕