(Xinhua)៖ ភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ និងធ្វើឱ្យទឹកទន្លេជន់លិច បានបង្កជាគ្រោះទឹកជំនន់នៅក្នុងតំបន់ចំនួន២នៃខេត្ត Guizhou ស្ថិតនៅភាគនិរតីប្រទេសចិន ដោយបង្ខំឱ្យអាជ្ញាធរជម្លៀស ប្រជាជនទ្រង់ទ្រាយធំទៅកាន់កន្លែងមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។
ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានឱ្យដឹងថាគិតត្រឹមម៉ោង ២៖៣០នាទីរសៀល ថ្ងៃអង្គារ ទី២៤ ខែមិថុនា ប្រជាជន ៤៨ ៩០០នាក់ នៅក្នុងតំបន់ Rongjiang និង៣២ ០០០នាក់ ក្នុងតំបន់ Congjiang ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពជាបណ្ដោះអាសន្ន។ ខេត្ត Guizhou និងផ្នែកជាច្រើនទៀតនៃភាគខាងត្បូងប្រទេសចិនបានពើបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងចាប់តាំងពី សប្ដាហ៍មុនមកម្ល៉េះ ក្នុងពេលរដូវមូសុងអាស៊ីបូព៌ាប្រចាំឆ្នាំបាននាំមកនូវភ្លៀងធ្លាក់កាន់តែច្រើន។
គួរបញ្ជាក់ថា ខណៈប្រទេសចិនតែងតែជួបប្រទះគ្រោះទឹកជំនន់ក្លាយជារឿងធម្មតាទៅហើយ ក្រុមអ្នកវិទ្យាសាស្ត្រមួយចំនួនបានព្រមានថាការប្រែប្រួលអាកាសធាតុគឺជាហេតុផលមួយធ្វើឱ្យ ភ្លៀងធ្លាក់កាន់តែខ្លាំង និងកាន់តែញឹកញាប់៕