(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែទទូចថាការវាយប្រហារទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក បានបំផ្លាញទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ទាំងស្រុង ដោយច្រានចោល ការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកដែលថាសហរដ្ឋអាមេរិកបានបរាជ័យក្នុងការបំផ្លាញទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social នៅថ្ងៃអង្គារ ទី២៤ ខែមិថុនា លោក ត្រាំ បានលើកឡើងដូច្នេះថា «ទីតាំងនុយក្លេអ៊ែរក្នុងប្រទេសអ៉ីរ៉ង់ត្រូវបានបំផ្លាញ ទាំងស្រុង»

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកដោយផ្អែកលើក្រុមមន្ត្រីចារកម្មអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានរាយការណ៍ថាការវាយប្រហាររបស់សហរដ្ឋអាមេរិក មិនបានកម្ទេចម៉ាស៊ីន ចម្រាញ់អ៊ុយរ៉ាញ៉ូម centrifuges ឬស្ដុកអ៊ុយរ៉ាញ៉ូមចម្រាញ់រួចរបស់អ៉ីរ៉ង់ទាំងស្រុងនោះទេ។ ពោលបើតាមចារកម្មអាមេរិក ការវាយប្រហារទម្លាក់គ្រាប់បែករបស់អាមេរិកបានបង្អាក់ ភាពរីកចម្រើននៃកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់បានត្រឹមតែប៉ុន្មានខែ និងគ្រាន់តែបានបិទផ្លូវចូលទៅកាន់រោងចក្រនុយក្លេអ៊ែរមួយចំនួនតែប៉ុណ្ណោះ ដោយមិនបានបំផ្លាញអគារដែលអ៉ីរ៉ង់សង់ នៅក្រោមដីឡើយ៕