(ឡុងដ៍)៖ កាលពីថ្ងៃអង្គារ ទី២៤ ខែមិថុនា រដ្ឋាភិបាលចក្រភពអង់គ្លេស បាននិយាយថា ខ្លួននឹងទិញយន្តហោះចម្បាំង F-35A ជាង១០គ្រឿង ដែលមានសមត្ថភាពប្រើប្រាស់អាវុធនុយក្លេអ៊ែរតាកទិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការទិញយន្តហោះចម្បាំងខាងលើ ពីក្រុមហ៊ុនអាមេរិក Lockheed Martin នឹងអនុញ្ញាតឱ្យកងទ័ពអាកាសរបស់អង់គ្លេស មានបំពាក់អាវុធនុយក្លេអ៊ែរជាលើកដំបូង គិតចាប់តាំងពីចុងបញ្ចប់នៃសម័យសង្រ្គាមត្រជាក់មក។ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បាននិយាយយ៉ាងដូច្នេះថា «នៅក្នុងយុគសម័យមួយ ដែលមានភាពស្រពេចស្រពិលខ្លាំងបំផុត យើងមិនអាចមើលស្រាល​សន្តិភាពបានទៀតឡើយ ដូច្នេះហើយទើបរដ្ឋាភិបាលរបស់ខ្ញុំ កំពុងខិតខំវិនិយោគលើសន្តិសុខជាតិរបស់យើង»

សព្វថ្ងៃ​ យុទ្ធសាស្រ្តអាវុធនុយក្លេអ៊ែររបស់ចក្រភពអង់គ្លេស គឺពឹងផ្អែកតែមួយគត់ទៅលើប្រព័ន្ធ Trident ដែលបាញ់ចេញពីនាវាមុជទឹក។ លើកចុងក្រោយដែលអង់គ្លេស មានអាវុធនុយក្លេអ៊ែរប្រើប្រាស់ដោយយន្តហោះ គឺកាលពីឆ្នាំ១៩៩៨ នៅពេលគ្រាប់បែក WE177 ត្រូវបានដាក់ឱ្យចូលនិវត្តន៍។

គួរបញ្ជាក់ថា តាមរយៈការទិញយន្តហោះចម្បាំង F-35A ចក្រភពអង់គ្លេស នឹងអាចធ្វើពិពិធកម្មជម្រើសយោធារបស់ខ្លួន ហើយដើរកាន់តែស្រប​ជាមួយសម្ព័ន្ធមិត្ត NATO ដូចជាបារាំង និងសហរដ្ឋអាមេរិក។ យន្តហោះចម្បាំង F-35A អាចបំពាក់អាវុធនុយក្លេអ៊ែរតាកទិក B61 របស់អាមេរិកបាន។ រដ្ឋាភិបាលអង់គ្លេស បានប្តេជ្ញាបង្កើនការចំណាយលើវិស័យការពារជាតិ ឱ្យដល់ ៥ភាគរយនៃ GDP របស់ខ្លួន នៅត្រឹមឆ្នាំ២០៣៥ ដើម្បីបំពេញតាមគោលដៅរបស់ NATO៕