(តេហេរ៉ង់)៖ នៅថ្ងៃពុធ ទី២៥ ខែមិថុនា សភានៃប្រទេសអ៉ីរ៉ង់ បានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលសំដៅផ្អាកកិច្ចសហប្រតិបត្តិការ ជាមួយទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

សេចក្តីព្រាងច្បាប់ខាងលើ នៅត្រូវការការយល់ព្រមចុងក្រោយពីឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិអ៉ីរ៉ង់ ទើបអាចចូលជាធរមានជាផ្លូវការ។ ការអនុម័តសេចក្តីព្រាងច្បាប់នេះ កើតមានឡើងបន្ទាប់ពីសង្រ្គាមផ្លូវអាកាសរយៈពេល១២ថ្ងៃ ជាមួយអ៉ីស្រាអែល ដែលបានអះអាងថា មានបំណងចង់ទប់ស្កាត់កុំឱ្យទីក្រុងតេហេរ៉ង់ អភិវឌ្ឍអាវុធនុយក្លេអ៊ែរ។

ប្រធានសភាអ៉ីរ៉ង់ លោក Mohammad Baqer Qalibaf បាននិយាយថា ប្រទេសអ៉ីរ៉ង់ នឹងពន្លឿនកម្មវិធីនុយក្លេអ៊ែរស៉ីវិលរបស់ខ្លួន ហើយបានរិះគន់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA ថា បានបដិសេធថ្កោលទោសការវាយប្រហារដ៏អាក្រក់របស់អ៉ីស្រាអែល និងអាមេរិកមកលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់។ លោក Baqer Qalibaf បានបន្តថា ដោយសារតែហេតុផលនេះ ទីភ្នាក់ងារថាមពលអាតូមិកអ៉ីរ៉ង់ នឹងផ្អាកកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយ IAEA រហូតទាល់តែសន្តិសុខនៃទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ត្រូវបានធានា។

អ៉ីរ៉ង់បដិសេធការចោទប្រកាន់ដែលថា ខ្លួនមានមហិច្ឆតាចង់អភិវឌ្ឍអាវុធនុយក្លេអ៊ែរ ហើយនិយាយថា សេចក្តីសម្រេចមួយអនុម័តក្នុងខែនេះ ដោយទីភ្នាក់ងារ IAEA ដែលប្រកាសថា អ៉ីរ៉ង់រំលោភបំពានកាតព្វកិច្ចរបស់ខ្លួនស្តីពីការមិនរីកសាយនុយក្លេអ៊ែរ បានជួយត្រួសត្រាយផ្លូវសម្រាប់ការវាយប្រហាររបស់អ៉ីស្រាអែល។

គួរបញ្ជាក់ថា ក្រោយការវាយប្រហាររបស់អ៉ីស្រាអែល មកលើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ព្រមទាំងការទម្លាប់គ្រាប់បែកធុនធ្ងន់ ដោយ​អាមេរិកមកលើទីតាំងនុយក្លេអ៊ែរអ៉ឺរ៉ង់នៅក្រោមដី កាលពីចុងសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលអ៉ីរ៉ង់ក៏កំពុងតែប្រឈមការអំពាវនាវឱ្យ ដាក់កំហិតលើការប្តេជ្ញារបស់ប្រទេសអ៉ីរ៉ង់ ចំពោះសន្ធិសញ្ញាមិនរីកសាយនុយក្លេអ៊ែរ ថែមទៀតផង៕