(ណៃពិដោ)៖ កាលពីថ្ងៃអង្គារ ទី២៤ ខែមិថុនា ការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា បានផ្ទុះឡើងនៅតំបន់ Hsai Kheung ឬហៅថា Phai Khun ក្នុងស្រុក Si Hseng នៃរដ្ឋ Shan ប្រទេសមីយ៉ាន់ម៉ា ក្បែរព្រំប្រទល់ជាមួយប្រទេសថៃ។

កងកម្លាំងនៃរបបយោធាមីយ៉ាន់ម៉ា គាំទ្រដោយក្រុមប្រដាប់អាវុធ Pa-O National Organisation (PNO) បានបើកការវាយលុកលើ កងកម្លាំងក្រុមឧទ្ទាម ដែលបានប្រមូលផ្តុំនៅតំបន់នោះ។ ការប៉ះទង្គិចគ្នាយ៉ាងក្តៅគគុកនេះ បានចាប់ផ្តើមកាលពីខ្ទង់ម៉ោង៥ល្ងាចថ្ងៃអង្គារ នៅពេលកងទ័ពមីយ៉ាន់ម៉ាជាច្រើនកងពល គាំទ្រដោយក្រុមអ្នកប្រយុទ្ធរបស់ PNO ប្រហែល ១០០០នាក់ បានរួមគ្នាឆ្មក់បើកការវាយលុកទៅលើទីតាំង ដែលគ្រប់គ្រងដោយកងកម្លាំងក្រុមឧទ្ទាម Karenni National Defence Force (KNDF) និង Pa-O National Liberation Army (PNLA)។

ស្ថានការណ៍បានកាន់តែតានតឹងឡើងយ៉ាងឆាប់រហ័សថែមទៀត ខណៈកងទ័ពអាកាសមីយ៉ាន់ម៉ា បានធ្វើសកម្មភាពទម្លាក់គ្រាប់បែក ទៅលើតំបន់ស៉ីវិល ដោយកំណត់គោលដៅ ដាក់លំនៅដ្ឋាន ទីអារាម និងប្រាសាទ។ ការវាយប្រហារតាមផ្លូវអាកាសទាំងនោះ ក៏បានត្រូវចំបណ្តាភូមិ នៅតាមបណ្តោយច្រាំងខាងកើតនៃទន្លេ Hsai Khueng ផងដែរ ជាហេតុបង្កឱ្យមានភ្លើងឆេះពាសពេញ និងការខូចខាតធ្ងន់ធ្ងរ ចំពោះសហគមន៍ប្រជាជនដែលរស់នៅក្នុងតំបន់។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាខាងលើបានបង្ខំឱ្យជនជាតិភាគតិច Pa-O និងអ្នកភូមិនៅរដ្ឋ Shan សរុបយ៉ាងហោចណាស់ចំនួន ១៥ ០០០នាក់ នាំគ្នារត់ភៀសខ្លួនចេញពីតំបន់ ដើម្បីទៅរកកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន។ ដោយស្ថិតនៅចន្លោះសមរភូមិក្តៅៗផ្សេងទៀតរវាង​កងកម្លាំងរបបសឹក និងកងកម្លាំងឧទ្ទាម តំបន់ Hsai Khueng ក្បែរព្រំប្រទល់ថៃ បានក្លាយជាកន្លែងប្រយុទ្ធគ្នាដ៏ក្តៅគគុកថ្មី នៅក្នុងសង្រ្គាមស៉ីវិល​ដែលកាន់តែរីកធំឡើងៗរបស់ប្រទេសមីយ៉ាន់ម៉ា៕

ប្រភព៖ សារព័ត៌មានថៃ The Nation