(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី២៥ ខែមិថុនា បាននិយាយថារូបលោកទំនងជានឹងស្វែងរកការប្ដេជ្ញាចិត្តពីអ៉ីរ៉ង់ ចំពោះការបិទបញ្ចប់មហិច្ឆតានុយក្លេអ៊ែរ នៅឯកិច្ចចរចាមួយនាសប្ដាហ៍ក្រោយ និងឆ្លៀតកោតសរសើរការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់ដែលនាំទៅរក ការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ត្រាំ នៅតែទទូចថាការវាយប្រហារទម្លាក់គ្រាប់បែក កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានបំផ្លាញកម្មវិធីនុយក្លេអ៊ែរ ហើយបានចាត់ទុកថានេះជាជ័យជម្នះសម្រាប់ មនុស្សគ្រប់គ្នា បើទោះជាការវាយតម្លៃបឋមរបស់ចារកម្មអាមេរិកបានឱ្យដឹងថាការវាយប្រហាររបស់អាមេរិកមិនបានបំផ្លាញកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ ដោយត្រឹមតែបង្អាក់ ការរីកចម្រើនបានត្រឹមប៉ុន្មានខែក៏ដោយ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុងឡាអេ ជាទីដែលរូបលោកបានចូលរួមកិច្ចប្រជុំកំពូល NATO កាលពីថ្ងៃពុធ លោក ត្រាំ បានបញ្ជាក់ថាលោកផ្ទាល់ជឿថាអ៉ីរ៉ង់ នឹងត្រឡប់មករកកិច្ចចរចាដើម្បីផ្សះផ្សារ។ «យើងនឹងជួបចរចាជាមួយអ៉ីរ៉ង់នៅសប្ដាហ៍ក្រោយ។ យើងប្រហែលជាអាចចុះកិច្ចព្រមព្រៀងមួយ»។ នេះជាការលើកឡើង របស់លោក ត្រាំ ដោយមិនបានបញ្ជាក់អ្វីលម្អិតនោះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក John Ratcliffe បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថាការទម្លាក់គ្រាប់បែក របស់សហរដ្ឋអាមេរិកបានបង្កការខូចខាតធ្ងន់ធ្ងរដល់កម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ តែលោកមិនបានបញ្ជាក់ថាតើកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ត្រូវបានបំផ្លាញទាំងស្រុងដូចដែលលោក ត្រាំ បានអះអាងនោះឡើយ៕