(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីយ៉េ លោក Tayyip Erdogan បានមានប្រសាសន៍ថា ប្រទេសរបស់លោកមិនទាន់បោះបង់ចោលនូវបំណងចង់ទទួលបានយន្តហោះចម្បាំង F-35 ពីសហរដ្ឋអាមេរិកនោះទេ ហើយបានបញ្ជាក់ពីបំណងប្រាថ្នារបស់ខ្លួនក្នុងការចូលរួមក្នុងកម្មវិធីនេះវិញ បន្ទាប់ពីត្រូវបានដកចេញដោយសារតែការទិញប្រព័ន្ធការពាររបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅលើជើងយន្តហោះត្រឡប់មកពីកិច្ចប្រជុំកំពូលណាតូនៅទីក្រុងឡាអេ ជាកន្លែងដែលលោកបានជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, លោក Erdogan បានសម្តែងក្តីសង្ឃឹមថានឹងមានវឌ្ឍនភាព បន្ទាប់ពីការពិភាក្សារបស់ពួកគេលើបញ្ហានេះ។

ការិយាល័យរបស់លោក បានដកស្រង់សម្តីលោក Erdogan ថា «យើងមិនទាន់បោះបង់ចោលរឿង F-35 ទេ។ យើងកំពុងពិភាក្សាពីចេតនារបស់យើងក្នុងការវិលត្រឡប់ចូលកម្មវិធីនេះវិញជាមួយសមភាគីរបស់យើង»។ លោកបានបន្ថែមថា «យើងបានពិភាក្សាបញ្ហានេះនៅក្នុងជំនួបរបស់យើងជាមួយលោក ត្រាំ ហើយការពិភាក្សានៅកម្រិតបច្ចេកទេសបានចាប់ផ្តើមហើយ។ បើព្រះជាម្ចាស់មានព្រះទ័យ យើងនឹងមានវឌ្ឍនភាព»។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើទីក្រុងអង់ការ៉ា ដែលជាសម្ព័ន្ធមិត្តណាតូរបស់ខ្លួនក្នុងឆ្នាំ ២០២០ ជុំវិញការទិញប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ី ហើយក៏បានដកតួកគីយ៉េចេញពីកម្មវិធី F-35 ដែលខ្លួនធ្លាប់ជាទាំងអ្នកទិញ និងជាអ្នកចូលរួមផលិតផងដែរ។ តួកគីយ៉េបានអះអាងម្តងហើយម្តងទៀតថា ការដកខ្លួនចេញនេះគឺអយុត្តិធម៌ ហើយបានទាមទារឲ្យបញ្ចូលខ្លួនវិញ ឬសងប្រាក់វិញ>