(តេអេរ៉ង់)៖ ប្រសិនបើ​មានការ​វាយប្រហារ​ណាមួយ ​ពី​សហរដ្ឋអាមេរិក​នាពេលអនាគត អ៊ីរ៉ង់​នឹង​ឆ្លើយតប​ដោយ​ការវាយប្រហារ​លើ​មូលដ្ឋានទ័ព​អាមេរិក​នៅ​មជ្ឈិមបូព៌ា។ នេះបើ​តាម​ការព្រមាន​របស់​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅថ្ងៃ​ព្រហស្បតិ៍ នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ជាលើកដំបូង​របស់លោក ចាប់តាំងពី​បទ​ឈប់បាញ់​មួយ​ត្រូវបាន​សម្រេច​រវាង​អ៊ីរ៉ង់ និង​អ៊ីស្រាអែល។ នេះ​បើយោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។

លោក Khamenei អាយុ ៨៦ វស្សា បានព្រមានថា ការវាយប្រហារ​ណាមួយ​មកលើ​អ៊ីរ៉ង់ នឹង​ត្រូវ​ចំណាយ «តម្លៃ​យ៉ាង​សម្បើម» ហើយបាន​កត់សម្គាល់​ថា អ៊ីរ៉ង់​បាន​បាញ់​ប្រហារ​លើ​មូលដ្ឋានទ័ព​អាមេរិក​ដ៏ធំ​បំផុត​មួយ​ក្នុង​តំបន់ ដែល​មាន​ទីតាំង​នៅ​ប្រទេស​កាតា បន្ទាប់ពី​ក្រុង​វ៉ាស៊ីនតោន​បាន​ចូលរួម ​ក្នុងការ​វាយប្រហារ​ជាមួយ​អ៊ីស្រាអែល។

លោក​បាន​ថ្លែង​ថា «សាធារណរដ្ឋ​ឥស្លាម​បាន​ទះកំផ្លៀង​អាមេរិក។ វាបាន​វាយប្រហារ​មូលដ្ឋានទ័ព​ដ៏សំខាន់​មួយ​របស់​អាមេរិក​នៅក្នុង​តំបន់»។ លោក​បាន​បន្ថែម​ថា «ការដែល​សាធារណរដ្ឋ​ឥស្លាម​មាន​លទ្ធភាព​ទៅដល់​មជ្ឈមណ្ឌល​សំខាន់ៗ​របស់​អាមេរិក​ក្នុង​តំបន់... មិនមែនជា​រឿងតូចតាច​នោះទេ វាជា​រឿងដ៏ធំ ហើយ​រឿង​នេះ​អាច​កើតឡើង​ម្តងទៀត​នាពេលអនាគត ប្រសិនបើ​មានការ​វាយប្រហារ»។

សុន្ទរកថា​ដែល​បាន​ថតទុក​ជាមុន​របស់លោក ត្រូវបាន​ចាក់ផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ។ ដូច​សុន្ទរកថា​លើកមុន​ដែរ លោក​បាន​ថ្លែង​ចេញពី​ទីតាំង​ក្នុងផ្ទះ​មួយ​ដែល​មិន​ត្រូវបាន​គេ​ស្គាល់។

ការព្រមាន​របស់លោក Khamenei ធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ឆ្លើយថា «ពិតប្រាកដ​ណាស់» នៅពេល​ត្រូវបាន​សួរថា តើ​សហរដ្ឋអាមេរិក​នឹង​វាយប្រហារ​ម្តងទៀត​ដែរឬទេ ប្រសិនបើ​អ៊ីរ៉ង់​សាងសង់​កម្មវិធី​ចម្រាញ់​នុយក្លេអ៊ែរ​របស់ខ្លួន​ឡើងវិញ។

គួរបញ្ជាក់ថា បទ​ឈប់បាញ់​ដ៏​ផុយស្រួយ​មួយ​បាន​ចូលជាធរមាន​កាលពី​ដើម​សប្តាហ៍នេះ បន្ទាប់ពី​ជម្លោះ​ដោយផ្ទាល់​រវាង​អ៊ីស្រាអែល​ អាមេរិក និង​អ៊ីរ៉ង់​អស់រយៈពេល​ជិត​ពីរសប្តាហ៍ ដែល​បាន​ធ្វើឲ្យ​តំបន់​មជ្ឈិមបូព៌ា​ឈាន​ទៅ​ជិត​មាត់ជ្រោះ​នៃ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ៕