(ញូវដែលី)៖ នៅថ្ងៃសុក្រ ទី២៧ ខែមិថុនា ក្រសួងការពារជាតិឥណ្ឌា បាននិយាយថា រដ្ឋមន្រ្តីការពារជាតិឥណ្ឌា លោក Rajnath Singh បានប្រាប់សមភាគីចិនថា ប្រទេសទាំងពីរ គួរតែស្វែងរកដំណោះស្រាយលក្ខណៈអចិន្រ្តៃយ៍ សម្រាប់បញ្ហាជម្លោះព្រំដែនដ៏យូរអង្វែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Singh បានជួបរដ្ឋមន្រ្តីការពារជាតិចិន លោក Dong Jun នៅក្រៅកិច្ចប្រជុំប្រមុខការពារជាតិនៃបណ្តាប្រទេសសមាជិក អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ SCO នៅទីក្រុង Qingdao កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយលោកបានសង្កត់ធ្ងន់លើ ការដោះស្រាយបញ្ហានានារវាងប្រទេសជិតខាងទាំងពីរ តាមរយៈផែនការដែលមានកំណត់រចនាសម្ព័ន្ធជាក់លាក់។ ឥណ្ឌានិងចិន ដែលសុទ្ធតែជាប្រទេសមានអាវុធនុយក្លេអ៊ែរ មានព្រំប្រទល់ជាប់គ្នាប្រវែង៣៨០០គីឡូម៉ែត្រ ហើយភាគច្រើនជាព្រំដែន ដែលមិនទាន់មានការខណ្ឌចែកច្បាស់លាស់ និងនៅមានបញ្ហាវិវាទនៅឡើយ។
គួរបញ្ជាក់ថា ស្របពេលដែលព្រំប្រទល់រវាងប្រទេសទាំងពីរ មានសុខសន្តិភាពភាគច្រើន ក្នុងអំឡុងប៉ុន្មានទសវត្សរ៍ចុងក្រោយក្តី ការប៉ះទង្គិចគ្នាដ៏ប្រល័យមួយរវាងកងទ័ពទាំងពីរ កាលពីឆ្នាំ២០២០ បានបណ្តាលឱ្យទាហានឥណ្ឌា២០នាក់ និងទាហានចិន៤នាក់ បាត់បង់ជីវិត។ ការប៉ះទង្គិចនោះ បាននាំទៅរកការប្រឈមមុខយោធារយៈពេល៤ឆ្នាំ ដោយកងទ័ពប្រទេសទាំងពីរ បានដាក់ពង្រាយកម្លាំងរាប់ម៉ឺននាក់ នៅតាមបណ្តោយព្រំប្រទល់ រហូតទាល់តែពួកគេបានឈានដល់ កិច្ចព្រមព្រៀងមួយកាលពីខែតុលា ឆ្នាំមុន ដើម្បីបោះជំហានថយក្រោយវិញ ហើយធ្វើឱ្យទំនាក់ទំនងទ្វេភាគី ចាប់ផ្តើមមានភាពធូរស្រាល។ អំឡុងជំនួបជាមួយលោក Dong លោក Singh ក៏បានអំពាវនាវឱ្យបង្រួមគម្លាត នៃការខ្វះភាពជឿទុកចិត្ត ដែលកើតឡើងក្រោយការប្រឈមមុខ កាលពីឆ្នាំ២០២០ ផងដែរ៕