(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃសុក្រនេះបានប្រកាសថា ខ្លួននឹងស្នើសុំឲ្យសហភាពអឺរ៉ុប (EU) ដាក់ទណ្ឌកម្មលើក្រុមហ៊ុនរបស់បង់ក្លាដែស ដែលត្រូវចោទថា បាននាំចូលស្រូវសាលីដែលរុស្ស៊ីលួចពីទឹកដីអ៊ុយក្រែន។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំឥណ្ឌា លោក Oleksandr Polishchuk បានហៅទង្វើនេះថាជា «ឧក្រិដ្ឋកម្ម»។ លោកបានបញ្ជាក់ថា អ៊ុយក្រែនមានភស្តុតាងដែលក្រុមហ៊ុនរុស្ស៊ីលាយគ្រាប់ធញ្ញជាតិ ដែលប្រមូលបានពីតំបន់កាន់កាប់របស់អ៊ុយក្រែន ជាមួយស្រូវសាលីរុស្ស៊ីនៅកំពង់ផែ Kavkaz រួចនាំចេញ។ កន្លងមក អ៊ុយក្រែនបានស្នើឲ្យបង់ក្លាដែសបដិសេធ ការនាំចូលគ្រាប់ធញ្ញជាតិជាង ១៥០,០០០តោនពីកំពង់ផែនេះ។
ក្រសួងការបរទេសបង់ក្លាដែស មិនបានឆ្លើយតបនឹងសំណើរបស់អ៊ុយក្រែនទេ ខណៈដែលមន្ត្រីក្រសួងស្បៀងអាហារម្នាក់បានបដិសេធថា ប្រទេសរបស់ខ្លួនមិនបាននាំចូលស្រូវសាលីដែលលួចនោះទេ។ រីឯរុស្ស៊ីវិញ បានបដិសេធរាល់ការចោទប្រកាន់ពីការលួច ដោយអះអាងថាទឹកដីទាំងនោះជាផ្នែកមួយរបស់រុស្ស៊ី។
គួរបញ្ជាក់ថា វិស័យកសិកម្មនៅតែជាប្រភពចំណូលនាំចេញដ៏សំខាន់មួយសម្រាប់អ៊ុយក្រែន ទោះបីជាស្ថិតក្នុងស្ថានភាពសង្គ្រាមក៏ដោយ។ សហភាពអឺរ៉ុបកន្លងមក បានដាក់ទណ្ឌកម្មលើនាវាចំនួន ៣៤២គ្រឿង ដែលជាផ្នែកនៃ «កងនាវាស្រមោល» របស់រុស្ស៊ី ដែលប្លុកនេះនិយាយថា បានអនុញ្ញាតឲ្យទីក្រុងមូស្គូគេចវេះពីការរឹតបន្តឹងរបស់លោកខាងលិច ក្នុងការដឹកជញ្ជូនប្រេង អាវុធ និងគ្រាប់ធញ្ញជាតិ៕