(បាងកក)៖ នៅថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ប្រជាជនថៃប្រហែលខ្ទង់១០០០នាក់ បាននាំគ្នាមកប្រមូលផ្តុំនៅរាជធានីបាងកក ដើម្បីទាមទារឱ្យនាយករដ្ឋមន្រ្តី លោកស្រី Paetongtarn Shinawatra លាលែងពីតំណែង ខណៈរដ្ឋាភិបាលលោកស្រី កំពុងប្រឈមមុខជាមួយការខឹងសម្បារកាន់តែខ្លាំងឡើងពីសាធារណជន ជុំវិញបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
បាតុកម្មខាងលើ ត្រូវបានចាត់ទុកជាសកម្មភាពតវ៉ាធំបំផុតមួយប្រឆាំងនឹងរដ្ឋាភិបាលថៃ គិតចាប់តាំងពីគណបក្ស Pheu Thai របស់លោកស្រី បានឡើងកាន់អំណាចកាលពីឆ្នាំ២០២៣ ហើយវាបន្ថែមសម្ពាធទៅលើលោកស្រី Paetongtarn ដែលកំពុងជួបការលំបាកក្នុងការស្តារសេដ្ឋកិច្ចប្រទេស និងរក្សាកុំឱ្យរដ្ឋាភិបាលចម្រុះដ៏ផុយស្រួយរបស់លោកស្រីដួលរលំ នៅមុនការបោះឆ្នោតដកសេចក្តីទុកចិត្តក្នុងសភា ដែលអាចនឹងធ្វើឡើងនាខែក្រោយ។
ការតវ៉ានេះត្រូវបានរៀបចំឡើងនៅវិមានជ័យជម្នះក្នុងទីក្រុងបាងកក ក្រោមការដឹកនាំដោយក្រុម United Force of the Land ដែលភាគច្រើនជាសកម្មជនជាតិនិយម ដែលធ្លាប់ធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលគាំទ្រដោយគ្រួសារ Shinawatra អំឡុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ។ ស្របពេលដែលបាតុកម្មពីមុនៗមក មិនបានផ្តួលរំលំរដ្ឋាភិបាលទាំងនោះដោយផ្ទាល់ក្តី ពួកវាបានបង្កើនសម្ពាធដែលនាំទៅរកការអន្តរាគមន៍ពីតុលាការ និងរដ្ឋប្រហារយោធា កាលពីឆ្នាំ២០០៦ ឆ្នាំ២០១៤។
លោកស្រី Paetongtarn នាពេលនេះ កំពុងគ្រប់គ្រងរដ្ឋាភិបាលចម្រុះដែលមិនរឹងមាំឡើយ ក្រោយការចាកចេញរបស់អតីតដៃគូ គឺគណបក្ស Bhumjaithai កាលពីសប្តាហ៍មុន។ លោកស្រីអាចនឹងប្រឈមមុខជាមួយការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅពេលសភាថៃ បើកសម័យប្រជុំនាសប្តាហ៍ក្រោយ។
គណបក្ស Bhumjaithai បានដកការគាំទ្ររបស់ខ្លួនចេញពីរដ្ឋាភិបាលចម្រុះ ក្រោមហេតុផលថា អធិបតេយ្យជាតិនិងបូរណភាពទឹករបស់ប្រទេសថៃ បានប្រឈមហានិភ័យ បន្ទាប់ពីមានការបែកធ្លាយសំឡេងសន្ទនាទូរសព្ទ រវាងលោកស្រី Paetongtarn និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា។ អំឡុងកិច្ចសន្ទនានោះ លោកស្រីត្រូវគេស្តាប់លឺថា បានរិះគន់មេបញ្ជការយោធា និងកងទ័ពថៃ ដែលជាហេតុបង្កឱ្យប្រជាជនថៃ មិនពេញចិត្តជាខ្លាំង។ ចាប់តាំងពីពេលនោះ លោកស្រីក៏បានចេញមុខសុំទោសជាសាធារណៈ។
គួរបញ្ជាក់ថា មិនតែប៉ុណ្ណោះ លោកស្រី Paetongtarn ក៏កំពុងប្រឈមមុខបញ្ហាផ្លូវច្បាប់ផងដែរ បន្ទាប់ពីសមាជិកព្រឹទ្ធសភាថៃមួយក្រុម បានដាក់ញត្តិទៅកាន់តុលាការធម្មនុញ្ញ និងស្ថាប័នជាតិប្រឆាំងអំពើពុករលួយនៃប្រទេសថៃ ឱ្យបើកការស៉ើបអង្កេតផ្លូវការលើលោកស្រី ជុំវិញការបែកធ្លាយសំឡេងសន្ទនាទូរសព្ទជាមួយសម្តេច ហ៊ុន សែន។ ការសម្រេចចិត្តពីសំណាក់ស្ថាប័នទាំងពីរនេះ អាចនាំទៅរកការដកលោកស្រី Paetongarn ចេញពីតំណែង៕