(វ៉ាស៊ីនតោន)៖ ប្រធានអង្គការថាមពលអាតូមិកអន្តរជាតិ IAEA លោក Rafael Grossi បាននិយាយថាអ៉ីរ៉ង់ទំនងជាអាចនឹងចាប់ផ្ដើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ឡើងវិញ ក្នុងពេលប៉ុន្មានខែខាងមុខ បើទោះជារោងចក្រនុយក្លេអ៊ែរសំខាន់ៗរបស់ខ្លួនរងការខូចខាតធ្ងន់ធ្ងរដោយសារការវាយប្រហារពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Rafael Grossi ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS News ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី២៨ ខែមិថុនា។ អាមេរិក និងអ៉ីស្រាអែល បានបើកយុទ្ធនាការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីថ្ងៃ១៣ ខែមិថុនា ដោយពួកគេនិយាយថាដើម្បីរារាំងមិនឱ្យអ៉ីរ៉ង់ផលិត អាវុធនុយក្លេអ៊ែរ ដែលជាការចោទប្រកាន់មួយត្រូវបានតេហេរ៉ង់ច្រានចោល។
សហរដ្ឋអាមេរិក ជាពិសេសលោក ដូណាល់ ត្រាំ បានអះអាងថាសមត្ថភាពនុយក្លេអ៊ែរអ៉ីរ៉ង់ត្រូវបានកម្ទេចទាំងស្រុង ហើយថាអ៉ីរ៉ង់នឹងត្រូវប្រើពេលរាប់ទសវត្សរ៍ដើម្បី ស្ដារសមត្ថភាពនុយក្លេអ៊ែរឡើងវិញ។ ប៉ុន្តែ លោក Grossi បាននិយាយថាអ៉ីរ៉ង់ទំនងជាអាចនឹងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញក្នុងពេលប៉ុន្មានខែខាងមុខទៀត ប៉ុណ្ណោះ ខណៈមានការសង្ស័យថាអ៉ីរ៉ង់បានយកសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចក្នុងកម្រិតខ្ពស់ទៅលាក់ទុក មុននឹងសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែក។
គួរបញ្ជាក់ថា សភាអ៉ីរ៉ង់កាលពីពេលថ្មីៗនេះ បានបោះឆ្នោតអនុម័តសេចក្ដីព្រាងច្បាប់មួយស្ដីពីការព្យួរកិច្ចសហប្រតិបត្តិការជាមួយ IAEA ហើយតេហេរ៉ង់ក៏ បានច្រានចោលសំណើរបស់លោក Grossi ដើម្បីចុះត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរដែលរងការខូចខាតផងដែរ ជាពិសេសគឺរោងចក្រនុយក្លេអ៊ែអ៉ីរ៉ង់ Fordo៕