(ប៉េកាំង)៖ ស្ថិតនៅលេីតំបន់ខ្ពង់រាបមានរយៈកម្ពស់ ៣ ៧០០ម៉ែត្រពីនីវ៉ូសមុទ្រ វិមានផូថាឡា (Potala Palace) គឺជានិមិត្តរូបនៃភូមិភាគស្វយ័ត Xizang ប្រទេសចិន។ វិមានផូថាឡា សាសង់ឡើងដោយរចនាប័ទ្មដែលរួម បញ្ចូលគ្នានូវខ្លឹមសារនៃសំណង់ប្រពៃណី Zang ជាមួយនិងវប្បធម៌ព្រះពុទ្ធសាសនា ស្ថិតនៅក្នុងទីក្រុងឡាសា (Lhasa) ដែលជាទីក្រុងធំនៃភូមិភាគស្វយ័ត Xizang។
វិមាននេះត្រូវបានសាងសង់ឡើង នៅសតវត្សទី ៧ ក្នុងសម័យកាលអាណាចក្រ Xizang ដោយមានបន្ទប់សរុបចំនួន ១០០០បន្ទប់។ មកដល់សតវត្សទី ១៧ វិមានផូថាឡាបានក្លាយជា កន្លែងប្រារព្ធពិធីសាសនា និងជាមជ្ឈមណ្ឌលនយោបាយដ៏សំខាន់មួយរបស់ Xizang។ វិមានដ៏ធំស្កឹមស្កៃកម្ពស់ ១១៧ម៉ែត្រ មាន១៣ជាន់ រាប់ចាប់តាំងពីជើងភ្នំរហូតដល់កំពូលភ្នំមួយនេះ មានប្រាសាទតាលីង វិហារពុទ្ធសាសនាមហាយានដំណាក់គម្ពីរធម៌ កន្លែងស្នាក់នៅរបស់ព្រះសង្ឃ ក៏ដូចជាទីធ្លា សួនច្បារជាដើម។
ចំណែក សារមន្ទីរ Xizang ត្រូវបានចាត់ទុកថា ជាវិទ្យាស្ថានវប្បធម៌របស់ទីក្រុងឡាសា នៅភូមិភាគស្វយ័ត Xizang ដោយមានវត្ថុបុរាណវប្បធម៌ច្រើនជាង ៥២០ ០០០ រួមទាំងផ្ទាំងគំនូរ Thangka សាត្រាស្លឹករឹតបុរាណ របស់របរសម្រាប់ធ្វើពិធីផ្សេងៗ ជាមួយនិងឯកសារចំនួន ៤០ ០០០ ដែលត្រូវបានចាត់ថ្នាក់ជារបស់មានតម្លៃ។ សារមន្ទីរនេះ នឹងនាំអ្នកទស្សនាឱ្យបានឈ្វេងយល់ពីវប្បធម៌ ទំនៀមទំលាប់ប្រពៃណី សិប្បកម្មចំណាស់ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប។
សារមន្ទីរ Xizang ត្រូវបានគេស្គាល់ដោយសារតែស្នាដៃសិល្បៈដ៏ល្អិតល្អន់ ចម្រុះពណ៌ និងរឿងរ៉ាវតំណាលពីវត្ថុបុរាណនីមួយៗ។ សារមន្ទីរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្ស និងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ Xizang។ ទីនេះជាប្រភពនៃសិក្សាអំពីប្រវត្តិសាស្រ្ត និងវប្បធម៌Xizang ដោយបានទាក់ទាញអ្នកទស្សនាទូទាំងប្រទេសចិន និងមកប្រទេសផ្សេងទៀត។ ការតាំងពិពណ៌របស់សារមន្ទីរបានជំរុញការយល់ដឹងកាន់តែស៉ីជម្រៅ អំពីអត្តសញ្ញាណរបស់ Xizang និងប្រវត្តិសាស្ត្រចិន។
គួរបញ្ជាក់ថា ក្រុមអ្នកសារព័ត៌មានកម្ពុជា និងប្រទេសចំនួន ៤ទៀត បាននិងកំពុងធ្វើទស្សនកិច្ចនៅឯភូមិភាគស្វយ័ត Xizang ប្រទេសចិន, រៀបចំដោយ China Media Group៕