(តេអេរ៉ង់)៖ ស្ថាប័នតុលាការអ៊ីរ៉ង់ បានប្រកាសជាផ្លូវការនៅថ្ងៃអាទិត្យនេះថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើពន្ធនាគារ Evin ក្នុងទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី២៣ ខែមិថុនា បានបណ្ដាលឲ្យមនុស្សស្លាប់សរុបចំនួន ៧១នាក់ និងរាប់សិបនាក់ទៀតរងរបួស។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។

អ្នកនាំពាក្យតុលាការ លោក Asghar Jahangir បានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ រួមមានទាំងបុគ្គលិករដ្ឋបាល ទាហាន អ្នកជាប់ឃុំ ក្រុមគ្រួសារដែលមកសួរសុខទុក្ខ និងអ្នកដែលរស់នៅជិតខាងពន្ធនាគារ។ ការវាយប្រហារលើពន្ធនាគារ Evin ដែលជាកន្លែងឃុំខ្លួនអ្នកទោសនយោបាយដ៏ល្បីល្បាញ ត្រូវបានអ៊ីស្រាអែលហៅថាជាការវាយប្រហារលើ «និមិត្តរូបនៃប្រព័ន្ធគ្រប់គ្រង» របស់អ៊ីរ៉ង់។

ការវាយប្រហារនេះ ក៏បានបង្កការព្រួយបារម្ភជាអន្តរជាតិផងដែរ ដោយសារពន្ធនាគារនេះឃុំខ្លួនជនបរទេសមួយចំនួន។ រដ្ឋមន្ត្រីការបរទេសបារាំង បានហៅការវាយប្រហារដែលធ្វើឲ្យពលរដ្ឋបារាំងពីរនាក់ប្រឈមនឹងគ្រោះថ្នាក់ថាជាទង្វើ «ដែលមិនអាចទទួលយកបាន»

គួរបញ្ជាក់ថា ការបញ្ជាក់តួលេខអ្នកស្លាប់នេះ បានគូសបញ្ជាក់ពីទំហំនៃការខូចខាតផ្នែកមនុស្ស នៅក្នុងជម្លោះដោយផ្ទាល់រយៈពេល ១២ថ្ងៃរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលបានបញ្ចប់ទៅដោយបទឈប់បាញ់ដ៏ផុយស្រួយកាលពីសប្តាហ៍មុន៕