(ហ្គាហ្សា)៖ យោធាអ៊ីស្រាអែល នៅថ្ងៃអាទិត្យនេះ បានបញ្ជាឲ្យជនជាតិប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីតំបន់នានានៅភាគខាងជើងនៃតំបន់ហ្គាហ្សា មុនពេលមានការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លាប្រឆាំងនឹងក្រុមហាម៉ាស់ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យមានការបញ្ចប់សង្គ្រាម ចំពេលមានកិច្ចខិតខំប្រឹងប្រែងជាថ្មីដើម្បីសម្រុះសម្រួលបទឈប់បាញ់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។
កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ លោក ត្រាំ បានសរសេរនៅលើបណ្ដាញសង្គម Truth Social របស់លោកថា «ចូរបង្កើតកិច្ចព្រមព្រៀងនៅហ្គាហ្សា, យកចំណាប់ខ្មាំងត្រឡប់មកវិញ»។
ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលបានចេញសេចក្ដីថ្លែងការណ៍ និងផ្ញើសារទៅកាន់អ្នកស្រុកជាច្រើននាក់ ដោយជំរុញឲ្យប្រជាជននៅភាគខាងជើងនៃតំបន់នេះ ឆ្ពោះទៅកាន់ភាគខាងត្បូងទៅកាន់តំបន់ Al-Mawasi ក្នុងទីក្រុង Khan Younis ដែលអ៊ីស្រាអែលបានកំណត់ថាជាតំបន់មនុស្សធម៌។ មន្ត្រីប៉ាឡេស្ទីន និងអង្គការសហប្រជាជាតិ បានអះអាងថា គ្មានកន្លែងណាមួយនៅហ្គាហ្សាមានសុវត្ថិភាពនោះទេ។
យោធាអ៊ីស្រាអែលបានព្រមានថា «កងកម្លាំងការពារ (អ៊ីស្រាអែល) កំពុងប្រតិបត្តិការដោយកម្លាំងខ្លាំងក្លានៅក្នុងតំបន់ទាំងនេះ ហើយប្រតិបត្តិការយោធាទាំងនេះនឹងកើនឡើងកាន់តែខ្លាំងក្លា និងពង្រីកទៅទិសខាងលិចឆ្ពោះទៅកាន់កណ្តាលទីក្រុង ដើម្បីបំផ្លាញសមត្ថភាពរបស់អង្គការភេរវករ»។ បទបញ្ជាជម្លៀសនេះ គ្របដណ្តប់លើតំបន់ Jabalia និងសង្កាត់ភាគច្រើននៃទីក្រុងហ្គាហ្សា។
ក្រុមគ្រូពេទ្យ និងអ្នកស្រុកបាននិយាយថា ការទម្លាក់គ្រាប់បែករបស់យោធាអ៊ីស្រាអែល បានកើនឡើងខ្លាំងនៅព្រឹកព្រលឹមថ្ងៃអាទិត្យនៅទីក្រុង Jabalia ដោយបានបំផ្លាញផ្ទះជាច្រើនខ្នង និងសម្លាប់មនុស្សយ៉ាងតិច ៦នាក់។ នៅឯទីក្រុង Khan Younis ភាគខាងត្បូង មនុស្ស ៥នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសមួយទៅលើជំរំតង់នៅជិតតំបន់ Mawasi។
គួរបញ្ជាក់ថា ការអំពាវនាវរបស់លោក ត្រាំ និងបទបញ្ជាជម្លៀសរបស់អ៊ីស្រាអែល កើតឡើងស្របពេលដែលកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលបទឈប់បាញ់កំពុងតែដំណើរការ ទោះបីជាមិនទាន់មានសញ្ញាណាមួយនៃរបកគំហើញក៏ដោយ៕