(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តមិនអនុញ្ញាតឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរដាច់ខាត បន្ទាប់ពីការបិទបញ្ចប់សង្រ្គាម ១២ថ្ងៃ រវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ ដែលសហរដ្ឋអាមេរិកបានធ្វើអន្តរាគមន៍យោធាទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Morning Futures with Maria Bartiromo នៃទូរទស្សន៍ Fox News លោក ត្រាំ ក៏បានអះអាងឡើងវិញផងដែរថាអ៉ីរ៉ង់នៅសល់ពេលតែប៉ុន្មាន សប្ដាហ៍ប៉ុណ្ណោះពីការផលិតអាវុធនុយក្លេអ៊ែរ មុននឹងការវាយប្រហាររបស់អ៉ីស្រាអែលកាលពីថ្ងៃទី១៣ ខែមិថុនា។ ៩ថ្ងៃក្រោយមក សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកលើ ទីតាំងនុយក្លេអ៊ែរសំខាន់ៗទាំង៣របស់អ៉ីរ៉ង់ដូចជា Fordow, Natanz និង Isfahan។

ទាំងចារកម្មអាមេរិក និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA បានវាយតម្លៃជាបឋមថាអ៉ីរ៉ង់មិនមែនកំពុងផលិតអាវុធនុយក្លេអ៊ែរទេ ហើយតេហេរ៉ង់ក៏តែងតែនិយាយដែរថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលដៅស៊ីវិល។ បន្ថែមពីលើនេះ ខណៈលោក ត្រាំ ថាទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ត្រូវបានកម្ទេចទាំងស្រុង ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ ដោយផ្អែកលើមន្ត្រីចារកម្មអាមេរិក ថាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកមិនបានកម្ទេចសមត្ថភាពនុយក្លេអ៊ែរអ៉ីរ៉ង់ទាំងស្រុងឡើយ៕