(បាងកក)៖ នាយកដ្ឋានពាណិជ្ជកម្មនៃប្រទេសថៃ (DFT) ថ្មីៗនេះ បានព្រមានថា ប្រសិនបើច្រកព្រំប្រទល់ថៃ-កម្ពុជា បន្តបិទរហូតដល់ចុងឆ្នាំនេះ ថៃមុខជានឹងត្រូវខាតបង់ជាង ៦០ពាន់លានបាត ឬស្មើនឹង១.៨៤ពាន់លានដុល្លារអាមេរិក ក្នុងការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post នាថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥។
អគ្គនាយិកា DFT លោកស្រី Arada Fuangtong បាននិយាយថា ប្រសិនបើព្រំប្រទល់បន្តបិទចាប់ខែមិថុនា រហូតដល់ខែធ្នូ ការខាតបង់ប្រាក់ចំណូលពីការនាំចេញទំនិញរបស់ថៃ ត្រូវបានប៉ាន់ប្រមាណថា អាចមានទំហំលើស៦០ពាន់លានបាត។ តួលេខនេះ គឺផ្អែកលើការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនសរុប កាលពីឆ្នាំ២០២៤ ដែលមានទំហំ១៧៥ពាន់លានបាត ឬស្មើនឹង៥.៣៨ពាន់លានដុល្លារអាមេរិក រវាងថៃនិងកម្ពុជា ដោយក្នុងនោះការនាំចេញមានទំហំប្រមាណ ១៤២ពាន់លានបាត (៤.៣៦ពាន់លានដុល្លារអាមេរិក) ឬស្មើនឹងជាមធ្យម ១១.៨ពាន់លានបាត (៣៦២លានដុល្លារអាមេរិក) ក្នុងមួយខែៗ។
លោកស្រី Arada បានបន្ថែមថា អំឡុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ ការនាំចេញសរុបរបស់ថៃទៅកាន់កម្ពុជា មានទំហំ១៤៦ពាន់លានបាត (៤.៤៩ពាន់លានដុល្លារអាមេរិក) ដែលជាកំណើន ៨.៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះការនាំចេញតាមព្រំដែន មានទំហំ៦៣.១ពាន់លានបាត (១.៩៤ពាន់លានដុល្លារអាមេរិក) ដែលជាកំណើន៩ភាគរយ។ បើតាមលោកស្រី Arada ប្រសិនបើច្រកព្រំដែនជាមួយកម្ពុជាបន្តបិទរាប់ខែទៀត ប្រទេសថៃប្រហែលជានឹងត្រូវបង្កើនការនាំចូលពីប្រទេសជិតខាងដទៃទៀត ប៉ុន្តែការនាំចូលពីប្រទេសដទៃទាំងនោះ នឹងទាមទារថ្លៃដឹកជញ្ជូនខ្ពស់ ហើយរយៈពេលដឹកជញ្ជូនយូរជាងមុន។
ជាចុងក្រោយ លោកស្រី Arada Fuangtong បានបញ្ជាក់ថា ជារួមការបិទព្រំដែនជាមួយកម្ពុជា នឹងជះផលប៉ះពាល់អវិជ្ជមាន ចំពោះគោលដៅនៃការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនសរុប របស់ប្រទេសថៃ នៅក្នុងឆ្នាំ២០២៥នេះ។ ពីដំបូងឡើយ គោលដៅពាណិជ្ជកម្មឆ្លងព្រំដែន ត្រូវបានកំណត់ថា នឹងទទួលបានកំណើនខ្ទង់ ៣ភាគរយ ជាមួយទំហំពាណិជ្ជកម្មសរុប ១.៨៧ទ្រីលានបាត (៥៧.៥ពាន់លានដុល្លារអាមេរិក)។ ប៉ុន្តែ ដោយសារតែការបិទព្រំដែន កំណើនពាណិជ្ជកម្មនាពេលនេះ ត្រូវរំពឹងថា នឹងទទួលបានត្រឹម១-២ភាគរយប៉ុណ្ណោះ ធៀបនឹងឆ្នាំមុន ដែលមានទំហំ ១.៨២ទ្រីលានបាត (៥៦ពាន់លានដុល្លារអាមេរិក)៕