(អង់ការ៉ា)៖ កាលពីថ្ងៃចន្ទ ទី៣០ ខែមិថុនា មនុស្សច្រើនជាង៥០ ០០០នាក់ ត្រូវបានជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព ដោយសារភ្លើងឆេះព្រៃនៅក្នុងប្រទេសតួកគីយ៉េ ស្របពេលដែលរលកកម្តៅរដូវក្តៅ ចាប់ផ្តើមគ្របដណ្តប់លើអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥។

ការព្រមានឱ្យប្រុងប្រយ័ត្នចំពោះរលកកម្តៅ ត្រូវបានធ្វើឡើងនៅក្នុងប្រទេសអឺរ៉ុប ដូចជាបារាំង អេស៉្បាញ អ៉ីតាលី ព័រទុយហ្កាល់ និង អាល្លឺម៉ង់ ហើយសូម្បីតែហូឡង់ ដែលធ្លាប់តែទទួលរងអាកាសធាតុកម្រិតបង្គួរ ក៏បានចេញសារព្រមានអំពីសីតុណ្ហភាពខ្ពស់ សម្រាប់រយៈពេលប៉ុន្មានថ្ងៃខាងមុខផងដែរ។ បើតាមការកត់សម្គាល់ មួយផ្នែកធំនៃតំបន់អឺរ៉ុបខាងលិច បាននិងកំពុងទទួលរងបាតុភូតរលកកម្តៅ ដែលជាធម្មតាកើតមានអំឡុងខែកក្កដា ឬសីហា ជាជាងខែមិថុនា។

ចំណែកនៅប្រទេសតួកគីយ៉េ ភ្លើងឆេះព្រៃបានបន្តឆេះ២ថ្ងៃជាប់គ្នា នៅខេត្ត Izmir ភាគខាងលិច។ មនុស្សជាង៥០ ០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ចំនួន៥ ក្នុងនោះ៤២ ០០០នាក់ គឺចេញពីខេត្ត Izmir។ តំបន់ឆ្នេររបស់តួកគីយ៉េ ប៉ុន្មានឆ្នាំចុងក្រោយមកនេះ ត្រូវបានវាយប្រហារដោយភ្លើងឆេះព្រៃ ខណៈរដូវក្តៅកាន់តែមានសីតុណ្ហភាពក្តៅ និងស្ងួតហួតហែងខ្លាំងទៅៗ ដែលក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា គឺបណ្តាលមកពីកត្តាប្រែប្រួលអាកាសធាតុបង្កឡើងដោយមនុស្ស។

គួរបញ្ជាក់ថា នៅជុំវិញពិភពលោក អាកាសធាតុក្តៅខ្លាំង ឆក់យកជីវិតមនុស្សរហូតដល់៤៨០ ០០០នាក់ ក្នុងមួយឆ្នាំៗ ដែលលើស​ពីតួលេខសរុបបញ្ចូលគ្នានៃអ្នកបាត់បង់ជីវិត ដោយសារគ្រោះធម្មជាតិដទៃទៀត ដូចជាទឹកជំនន់ រញ្ជួយដី និងព្យុះ ទៅទៀត។ បើតាមអ្នកវិទ្យាសាស្រ្ត មូលហេតុចម្បងនៃការប្រែប្រួលអាកាសធាតុ គឺការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ មកពីចំហេះឥន្ធនៈហ្វូស៉ីល។ ឆ្នាំ២០២៤ ត្រូវបានរកឃើញថា ជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រា សម្រាប់ភពផែនដីយើង៕