(បាងកក)៖ នៅថ្ងៃអង្គារ ទី១ ខែកក្កដា នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra បានចេញមុខនិយាយថា លោកស្រីទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ ដែលបានព្យួរលោកស្រីពីតំណែងជានាយករដ្ឋមន្រ្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោកស្រី Paetongtarn បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯការិយាល័យរដ្ឋាភិបាលក្នុងទីក្រុងបាងកក យ៉ាងដូច្នេះថា «សេចក្តីសម្រេចបានចេញមកហើយ ហើយខ្ញុំយល់ព្រមទទួលយកការសម្រេចចិត្តរបស់តុលាការ ក៏ប៉ុន្តែខ្ញុំចង់បញ្ជាក់ថា វាតែងតែជាចេតនារបស់ខ្ញុំជានិច្ច ក្នុងការធ្វើអ្វីៗដែលប្រសើរបំផុតដើម្បីប្រទេសខ្ញុំ»។
តុលាការធម្មនុញ្ញថៃ នៅថ្ងៃអង្គារនេះ បានសម្រេចចិត្តព្យួរលោកស្រី Paetongtarn ពីតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន ជុំវិញរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនា តាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ ការសម្រេចចិត្តខាងលើរបស់តុលាការធម្មនុញ្ញថៃ ធ្វើឡើងតាមរយៈការទទួលយកញត្តិមួយពីសមាជិកព្រឹទ្ធសភា៣៦រូប ដែលបានចោទប្រកាន់លោកស្រីថាគ្មានភាពស្មោះត្រង់ និងបំពានក្រមសីលធម៌ស្ដង់ដារ ដោយបំពានលើរដ្ឋធម្មនុញ្ញ ជុំវិញការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន។
សម្រាប់ជំហានបន្ទាប់ទៀត តុលាការធម្មនុញ្ញថៃ នឹងចាប់ផ្ដើមពិចារណាថាតើលោកស្រី Paetongtarn បានបំពានរដ្ឋធម្មនុញ្ញដែរឬក៏យ៉ាងណា ជុំវិញការបែកធ្លាយកិច្ចសន្ទនា តាមទូរស័ព្ទដែលលោកស្រី បានប្រាប់សម្ដេចតេជោថា មេបញ្ជាការភូមិភាគ២ គឺជាពួកប្រឆាំងនឹងលោកស្រី និងសម្ដេច។ តុលាការធម្មនុញ្ញថៃ នឹងត្រូវចេញសាលក្រមសម្រេចថាតើត្រូវដក ឬក៏ប្រគល់តំណែងជានាយករដ្ឋមន្ត្រីឱ្យលោកស្រី Paetongtarn វិញ ហើយការចេញសាលក្រមអាចចំណាយពេលច្រើនខែ ឬលឿនជាងរំពឹងទុក។
គួរបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Suriya Jungrungreangkit ដែលមកពីគណបក្សភឿថៃ នឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីស្ដីទី បន្ទាប់ពីការព្យួរតំណែងរបស់លោកស្រី Paetongtarn។ ទោះបីជាត្រូវបានព្យួរតំណែងជានាយករដ្ឋមន្រ្តីក៏ដោយ លោកស្រី Paetongtarn នៅមានតំណែងជារដ្ឋមន្រ្តីវប្បធម៌មួយទៀត ដែលអាចបន្តការងារធម្មតា៕