(បាងកក)៖ រដ្ឋមន្រ្តីដឹកជញ្ជូនថៃ លោក Suriya Jungrungreangkit នឹងកាន់តំណែងជា នាយករដ្ឋមន្រ្តីស្តីទីរបស់ប្រទេសថៃ ត្រឹមថ្ងៃពុធនេះប៉ុណ្ណោះ ដោយចាប់ពីថ្ងៃព្រហស្បតិ៍ស្អែក នៅពេលដែលការរុះរើគណៈរដ្ឋមន្រ្តី ចូលជាធរមានផ្លូវការ តំណែងនាយករដ្ឋមន្រ្តីស្តីទី នឹងធ្លាក់ទៅលើរដ្ឋមន្រ្តីមហាផ្ទៃលោក Phumtham Wechayachai ជំនួសវិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នាថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ តុលាការធម្មនុញ្ញថៃ បានទទួលយកញត្តិស្នើឱ្យពិចារណាដកតំណែង នាយករដ្ឋមន្រ្តី លោកស្រី Paetongtarn Shinawatra ដោយសាររឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាទូរសព្ទ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ជុំវិញបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា ហើយលោកស្រី ត្រូវបានតុលាការសម្រេចព្យួរតំណែងនាយករដ្ឋមន្រ្តី ជាបណ្តោះអាសន្ន។
ភ្លាមៗក្រោយការព្យួរតំណែងរបស់លោកស្រី Paetongtorn លោក Suriya ដែលស្ថិតក្នុងលេខរៀងឧបនាយករដ្ឋមន្រ្តីខ្ពស់ជាងគេ ក៏បានឡើងជាមេដឹកនាំស្តីទី។ យ៉ាងណាមិញ នៅពេលការរុះរើគណៈរដ្ឋមន្រ្តី ដែលធ្វើឡើងមុនសេចក្តីសម្រេចកាលពីថ្ងៃអង្គាររបស់តុលាការ ចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ តំណែងជានាយករដ្ឋមន្រ្តីស្តីទី នឹងធ្លាក់ទៅលើរដ្ឋមន្រ្តីមហាផ្ទៃ លោក Phumtham។
កាលពីយប់ថ្ងៃអង្គារ គណបក្សកាន់អំណាច Pheu Thai បាននិយាយថា លោក Phumtham នឹងត្រូវឡើងជាមេដឹកនាំស្តីទី ក្រោយការរុះរើគណៈរដ្ឋមន្រ្តី ដោយសារតែលោកនឹងទទួលបាន ឋានៈឧបនាយករដ្ឋមន្រ្តី ដែលស្ថិតនៅលេខរៀងខ្ពស់ជាងលោក Suriya។ ក្នុងការរុះរើគណៈរដ្ឋមន្រ្តី ដែលត្រូវបានព្រះមហាក្សត្រថៃអនុម័តយល់ព្រម កាលពីថ្ងៃអង្គារ លោក Phumtham ត្រូវបានដកពីតំណែងជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិ ដើម្បីផ្លាស់ទៅជារដ្ឋមន្រ្តីមហាផ្ទៃ។ ក្រោយស្បថចូលកាន់តំណែងថ្មី នៅថ្ងៃព្រហស្បតិ៍ រូបលោកនឹងក្លាយជា រដ្ឋមន្រ្តីមហាផ្ទៃផ្លូវការ ហើយទទួលបានឋានៈជាឧបនាយករដ្ឋមន្រ្តីឡើងវិញ។
គួរបញ្ជាក់ថា សម្រាប់លោកស្រី Paetongtarn គឺលោកស្រីបានតែងតាំងខ្លួនឯងជា រដ្ឋមន្រ្តីវប្បធម៌ ក្នុងការរុះរើគណៈរដ្ឋមន្រ្តី មុនពេលត្រូវបានតុលាការព្យួរតំណែងនាយករដ្ឋមន្រ្តី។ ដូច្នេះហើយ លោកស្រីនឹងនៅអាចបន្តការងារក្នុងគណៈរដ្ឋមន្រ្តីថ្មី ក្នុងនាមជារដ្ឋមន្រ្តីវប្បធម៌បាន។ លោក Phumtham Wechayachai នឹងកាន់តំណែងជានាយករដ្ឋមន្រ្តីស្តីទី រហូតដល់ពេលដែលតុលាការធម្មនុញ្ញថៃ ចេញសេចក្តីសម្រេចផ្លូវការ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ឬលឿនជាងនេះ ថាតើត្រូវប្រគល់តំណែងនាយករដ្ឋមន្រ្តី ឱ្យលោកស្រី Paetongtarn វិញ ឬក៏ដកលោកស្រីពីតំណែងជាផ្លូវការតែម្តង៕