(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra នាថ្ងៃពុធ ទី២ ខែកក្កដា បានបន្តចូលបង្ហាញខ្លួន នៅតុលាការព្រហ្មទណ្ឌ ដើម្បីចូលរួមក្នុងសវនាការជំនុំជម្រះថ្ងៃទី២ លើការចោទប្រកាន់ប្រឆាំងនឹងរូបលោកថា បានប្រមាថ ព្រះមហាក្សត្រថៃ ធ្វើឡើងអំឡុងកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងកាលពីជាង១០ឆ្នាំមុន។ នេះបើតាមកាសែត The Nation។
សវនាការជំនុំជម្រះខាងលើ បានចាប់ផ្តើមបើក កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ តុលាការព្រហ្មទណ្ឌថៃ នឹងបន្តបើកសវនាការរយៈពេលសរុប៣ថ្ងៃជាប់ៗគ្នា។ លោក Thaksin ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ ជាមួយប្រាក់តម្កល់ ៥០០ ០០០បាត បន្ទាប់ពីត្រូវបាន ចោទប្រកាន់ជាផ្លូវការពីព្រះរាជអាជ្ញាថៃ កាលពីខែសីហា ឆ្នាំ២០២៤។ លោកត្រូវបានហាមឃាត់ចេញក្រៅប្រទេស ដោយមិនមានការអនុញ្ញាតពីតុលាការ។
គួរបញ្ជាក់ថា សវនាការជំនុំជម្រះ៣ថ្ងៃក្នុងសប្តាហ៍នេះ គឺជាសវនាការសម្រាប់ឱ្យសាក្សីរបស់ខាងព្រះរាជអាជ្ញាថៃ ចូលផ្តល់សក្ខីកម្ម ខណៈខាងសាក្សីរបស់ចុងចោទ ត្រូវបានរំពឹងថា នឹងចូលផ្តល់សក្ខីកម្ម ក្នុងសវនាការដាច់ដោយឡែកមួយទៀត មានរយៈពេល៤ថ្ងៃ ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែកក្កដា។ បទល្មើសពាក់ព័ន្ធនឹង ការប្រមាថព្រះមហាក្សត្រ ដែលគេចោទប្រកាន់ប្រឆាំងលោក Thaksin កើតឡើងមានអំឡុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ឈ្មោះ Chosun កាលពីឆ្នាំ២០១៥៕