(ប៉េកាំង)៖ ប្រទេសចិន មានឆន្ទៈក្នុងការបង្កើនទំនាក់ទំនងល្អជាមួយសហភាពអឺរ៉ុប (EU) និងត្រៀមរៀបចំឲ្យបានល្អសម្រាប់កិច្ចប្រជុំមេដឹកនាំចិន-សហភាពអឺរ៉ុបលើកក្រោយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន ដែលបានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេស លោក Wang Yi នៅថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥។
នៅក្នុងជំនួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa, លោក Wang Yi បានអំពាវនាវឲ្យភាគីទាំងពីរគោរពផលប្រយោជន៍ស្នូលរៀងៗខ្លួន និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមក។ យោងតាមសេចក្តីថ្លែងការណ៍ដដែល លោក Wang បានបន្ថែមថា «ឯកតោភាគីនិយម និងទង្វើកំញើញ បានធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ និងច្បាប់អន្តរជាតិ»។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីវិបត្តិអ៊ុយក្រែនផងដែរ ដោយលោក Wang បានរំលឹកឡើងវិញនូវជំហររបស់ទីក្រុងប៉េកាំង ក្នុងការជំរុញឲ្យមានកិច្ចចរចាសន្តិភាព និងដំណោះស្រាយនយោបាយចំពោះជម្លោះនេះ។
គួរបញ្ជាក់ថា កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុប កំពុងប្រឈមនឹងបញ្ហាស្មុគស្មាញមួយចំនួន ដែលរួមមានបញ្ហាពាណិជ្ជកម្ម និងភាពខុសគ្នានៃគោលជំហរលើបញ្ហាសន្តិសុខសកលលោក៕