(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃពុធ ទី២ ខែកក្កដា បាននិយាយថាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក កាលពីជាង១០ថ្ងៃមុន បានពន្យឺតកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ ពី១ឆ្នាំ ទៅ២ឆ្នាំ ជាមួយការសន្មត់ថាប្រតិបត្តិការយោធាអាមេរិកទំនងជាសម្រេចបានតាមគោលដៅ បើទោះជាការវាយតម្លៃបឋមពីការខូចខាតមិនធ្ងន់ធ្ងរដូចលោក ដូណាល់ ត្រាំ បានអះអាងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានប្រាប់ក្រុមអ្នកសារព័ត៌មានថាការវាយតម្លៃផ្លូវការបង្ហាញថាការវាយប្រហាររបស់សហរដ្ឋអាមេរិកបានពន្យឺតកម្មវិធី នុយក្លេអ៊ែររបស់អ៉ីរ៉ង់អាចដល់ ២ឆ្នាំ។ ប៉ុន្តែ លោក Parnell មិនបានបង្ហាញភស្តុតាងដើម្បីការពារការវាយតម្លៃរបស់លោកនោះទេ។ «យើងបានពន្យឺតកម្មវិធីនុយក្លេអ៊ែររបស់ ពួកគេ (អ៉ីរ៉ង់) ពី១ឆ្នាំ ដល់២ឆ្នាំ នៅក្នុងការវាយតម្លៃបឋមរបស់ក្រសួងការពារជាតិ»។ នេះជាការគូសបញ្ជាក់របស់លោក Parnell។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានបើកការវាយប្រហារទម្លាក់គ្រាប់បែកប្រឆាំងនឹងទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៉ីរ៉ង់ចំនួន៣ កាលពីថ្ងៃទី២២ ខែមិថុនា ដោយប្រើប្រាស់ គ្រាប់បែកទម្ងន់ ១៣ ៦០០គីឡូក្រាម និងមីស៊ីលគ្រូស Tomahawk រាប់សិបគ្រាប់។ លោក ត្រាំ បានទទូចថាអាមេរិកបានកម្ទេចកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ទាំងស្រុង ខណៈទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិថាអ៉ីរ៉ង់អាចនឹងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញក្នុងពេលប៉ុន្មានខែខាងមុខ៕