(កៀវ)៖ បណ្តាញព័ត៌មានអន្តរជាតិដូចជា CNN និង ​NHK ដោយផ្អែកលើការវាយតម្លៃផ្នែកចារកម្មរបស់អ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃពុធ ទី២ ខែកក្កដាថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ កូរ៉េខាងជើងអាចនឹងបញ្ជូនកងទ័ពរបស់ខ្លួនបន្ថែមរហូតដល់ ៣០ ០០០នាក់ ទៅកាន់ប្រទេសរុស្ស៉ី ដើម្បីបន្តជួយទីក្រុងមូស្គូ ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។

ការវាយតម្លៃចារកម្មខាងលើរបស់អ៊ុយក្រែន គឺបន្ទាប់ពីលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី លោក Sergei Shoigu ទើបតែបានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីខែមិថុនា ហើយបានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ខណៈជំនួបនោះត្រូវបានលោក Shoigu អះអាងថា ដើម្បីពាំនាំនូវការណែនាំពិសេសពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន។

កាលពីឆ្នាំ២០២៤ អ៊ុយក្រែននិងក្រុមលោកខាងលិច បានប៉ាន់ប្រមាណថា ទាហានកូរ៉េខាងជើងប្រហែល១៤ ០០០នាក់ ត្រូវបានបញ្ជូនទៅជួយទីក្រុងមូស្គូ វាយបណ្តេញកងកម្លាំងអ៊ុយក្រែន ចេញពីតំបន់ Kursk នៅភាគខាងលិចប្រទេសរុស្ស៉ី។ ទាល់តែ​ខែមេសា ឆ្នាំនេះ ទើបទីក្រុងព្យុងយ៉ាងបានទទួលស្គាល់ថា ខ្លួនពិតជាបានបញ្ជូនទ័ពទៅរុស្ស៉ី។ ទាហានកូរ៉េខាងជើង ប្រមាណជា​៤០០០នាក់ ត្រូវបានប៉ាន់ស្មានថាបាត់បង់ជីវិតឬរងរបួស អំឡុងពេលជួយរុស្ស៉ីប្រយុទ្ធនៅតំបន់ Kursk។

គួរបញ្ជាក់ថា យោងតាមការវាយតម្លៃរបស់អ៊ុយក្រែន វាមានលទ្ធភាពខ្ពស់ ដែលទាហានកូរ៉េខាងជើងបន្ថែមទាំងនោះ នឹងចូលរួមធ្វើសកម្មភាពប្រយុទ្ធ នៅក្នុងតំបន់អ៊ុយក្រែនដែលស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ដើម្បីជួយពង្រឹងកងកម្លាំងរបស់រុស្ស៉ី រួមមានទាំងអំឡុងប្រតិបត្តិការវាយលុកធំៗ។ ការគាំទ្ររបស់កូរ៉េខាងជើងសម្រាប់រុស្ស៉ី មកទល់ពេលនេះ មិនមែនត្រឹមតែកងទ័ពប៉ុន្មានទេ ប៉ុន្តែក៏រួមមាននូវ​ការបញ្ជូនគ្រាប់កាំភ្លើងធំ មីស៉ីលការពារដែនអាកាស មីស៉ីលប្រឆាំងរថក្រោះ ព្រមទាំងសព្វាវុធជាច្រើនផ្សេងទៀតផងដែរ៕