(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ត្រូវបានគេរំពឹងថានឹងជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតេយ្យអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ ដើម្បីសួរនាំដោយផ្ទាល់អំពីការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុងវ៉ាស៊ីនតោន ក្នុងការផ្អាកការដឹកជញ្ជូនអាវុធសំខាន់ៗមួយចំនួនទៅកាន់ទីក្រុងកៀវ។ នេះបើយោងតាមកាសែត Financial Times ដែលបានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥។
ការគ្រោងហៅទូរស័ព្ទនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា មន្ទីរបញ្ចកោណបានផ្អាកការដឹកជញ្ជូនមីស៊ីលការពារដែនអាកាស Patriot និងគ្រាប់រំសេវសំខាន់ៗផ្សេងទៀត ដោយសារតែក្តីបារម្ភពីការថយចុះស្តុករបស់សហរដ្ឋអាមេរិកផ្ទាល់។ ចំណាត់ការនេះ បានជំរុញឲ្យអ៊ុយក្រែនកោះហៅបេសកជនអាមេរិកកាលពីថ្ងៃពុធ ដើម្បីសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងថា វានឹងធ្វើឲ្យសមត្ថភាពការពារខ្លួនរបស់អ៊ុយក្រែនចុះខ្សោយ។
កាសែត Financial Times បានដកស្រង់ប្រភពដែលដឹងពីការរៀបចំនេះថា ក្រៅពីបញ្ហានៃការផ្អាកជំនួយ លោក Zelenskyy ក៏នឹងលើកឡើងពីលទ្ធភាពនៃការលក់អាវុធនាពេលអនាគតផងដែរ។
គួរបញ្ជាក់ថា កិច្ចសន្ទនានេះ នឹងក្លាយជាការសាកល្បងដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងរវាងមេដឹកនាំទាំងពីរ ចាប់តាំងពីរដ្ឋបាលលោក ត្រាំ បានចាប់ផ្តើមផ្លាស់ប្តូរគោលនយោបាយ និងបង្ហាញភាពមិនច្បាស់លាស់អំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះកិច្ចប្រឹងប្រែងសង្គ្រាមរបស់អ៊ុយក្រែន៕