(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ឧត្តមសេនីយ៍ Mikhail Gudkov ដែលជាអនុប្រធានកងទ័ពជើងទឹករបស់ខ្លួន ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធមួយនៅតំបន់ Kursk ដែលជាប់ព្រំដែននឹងអ៊ុយក្រែន។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។

របាយការណ៍ក្រៅផ្លូវការបានអះអាងថា មន្ត្រីជាន់ខ្ពស់រូបនេះ ត្រូវបានសម្លាប់ដោយការវាយប្រហារដោយមីស៊ីល HIMARS របស់អ៊ុយក្រែន។

សេចក្តីថ្លែងការណ៍ផ្លូវការរបស់រុស្ស៊ី បានត្រឹមតែបញ្ជាក់ថា លោក Gudkov បានស្លាប់កាលពីថ្ងៃពុធ «ក្នុងអំឡុងពេលបំពេញការងារប្រយុទ្ធ»។ ប៉ុន្តែ បណ្តាញ Telegram យោធារបស់រុស្ស៊ី និងអ៊ុយក្រែន បានរាយការណ៍ថា លោក Gudkov ត្រូវបានសម្លាប់ រួមជាមួយមន្ត្រីផ្សេងទៀត នៅក្នុងការវាយប្រហារដោយមីស៊ីល HIMARS របស់អ៊ុយក្រែនទៅលើទីបញ្ជាការមួយ។

គួរបញ្ជាក់ថា ការស្លាប់របស់លោក Gudkov អាយុ ៤២ឆ្នាំ ដែលទទួលបន្ទុកលើកងម៉ារីនរុស្ស៊ី គឺជាការបាត់បង់ដ៏ធំមួយ និងជាមន្ត្រីយោធាជាន់ខ្ពស់បំផុតម្នាក់ដែលត្រូវបានសម្លាប់ចាប់តាំងពីសង្គ្រាមពេញបន្ទុក បានចាប់ផ្តើមក្នុងឆ្នាំ ២០២២។ លោកទើបតែបានទទួលគ្រឿងឥស្សរិយយសយោធាថ្នាក់ខ្ពស់ ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដោយផ្ទាល់ កាលពីខែកុម្ភៈ។

ទោះជាយ៉ាងណា ភាគីអ៊ុយក្រែនមិនទាន់បានចេញសេចក្តីអត្ថាធិប្បាយភ្លាមៗអំពីការស្លាប់នេះទេ ប៉ុន្តែកន្លងមកធ្លាប់បានចោទប្រកាន់លោក Gudkov និងអ្នកក្រោមបង្គាប់របស់គាត់ ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ដែលជាការចោទប្រកាន់ត្រូវបានទីក្រុងមូស្គូបដិសេធ៕