(កៀវ)៖ អាជ្ញាធរអ៊ុយក្រែន នាព្រឹកថ្ងៃសុក្រ ទី៤ ខែកក្កដា បានឱ្យដឹងថា រុស្ស៉ីបានប្រើប្រាស់យន្តហោះដ្រូនបាញ់ស្រោចមកលើរដ្ឋធានីកៀវពេញមួយយប់ ជាហេតុបណ្តាលឱ្យមនុស្សយ៉ាងហោច២៣នាក់ទទួលរងរបួស ខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើង ហើយធ្វើឱ្យអគារនិងយានជំនិះរងការឆាបឆេះពាសពេញទីក្រុង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រោយការបន្លឺសំឡេងស៉ីរ៉ែនប្រកាសអាសន្ន អំពីការវាយប្រហារតាមផ្លូវអាកាស អស់រយៈពេលប្រមាណ៨ម៉ោង ហើយបញ្ចប់ទៅវិញ នៅម៉ោង៥ទាបភ្លឺ អភិបាលទីក្រុងកៀវ លោក Vitali Klitschko បាននិយាយថា ក្នុងចំណោមអ្នករងរបួសខាងលើ គឺ១៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយសង្កាត់ចំនួន៦ ក្នុងចំណោមសង្កាត់ទាំង១០នៃទីក្រុងកៀវ បានរងការបំផ្លិចបំផ្លាញ។
កងទ័ពអាកាសអ៊ុយក្រែន ក្នុងការវាយប្រហារខាងលើ ដែលធ្វើឡើងជាច្រើនជុំ រុស្ស៉ីបានប្រើប្រាស់យន្តហោះដ្រូនសរុប៥៣៩គ្រឿង និងមីស៉ីល១១គ្រាប់ បាញ់មកលើទឹកដីអ៊ុយក្រែន ហើយកំណត់គោលដៅជាចម្បងលើរដ្ឋធានីកៀវ។ អ៊ុយក្រែន បានអះអាងថា ដ្រូននិងមីស៉ីលរុស្ស៉ីសរុប៤៧៨ ត្រូវបានបាញ់ស្កាត់។
វាគឺជាការវាយប្រហារថ្មីចុងក្រោយគេ ក្នុងចំណោមសកម្មភាពវាយប្រហាជាបន្តបន្ទាប់ររបស់រុស្ស៉ី តាមផ្លូវអាកាសលើទីក្រុងកៀវ ដែលបានកើនឡើងក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះ ហើយរួមមានទាំងការវាយប្រហារដ៏ប្រល័យៗសម្លាប់មនុស្សរាប់សិបនាក់ នៅទីក្រុងដែលមានមនុស្សរស់នៅប្រមាណ៣លាននាក់មួយនេះ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចសន្ទនាទូរសព្ទរបស់លោកជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ គឺពុំមានវឌ្ឍនភាពអ្វីឡើយ ជុំវិញកិច្ចប្រឹងប្រែងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៉ីនតោន ក្នុងសប្តាហ៍នេះ ដើម្បីផ្អាកការផ្តល់សព្វាវុធសំខាន់ៗមួយចំនួនដល់អ៊ុយក្រែន បាននាំឱ្យទីក្រុងកៀវព្រមានថា ការសម្រេចិត្តធ្វើបែបនេះ នឹងធ្វើឱ្យអ៊ុយក្រែនថយចុះសមត្ថភាពការពារខ្លួន ប្រឆាំងនឹងការវាយប្រហារតាមផ្លូវអាកាសកាន់តែខ្លាំងឡើង ក៏ដូចជាភាពរីកចម្រើននៅលើសមរភូមិរបស់រុស្ស៉ី។ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា រូបលោកសង្ឃឹមថា នឹងអាចជួបសន្ទនាតាមទូរសព្ទជាមួយលោក ត្រាំ នៅថ្ងៃសុក្រនេះ ដើម្បីជជែកអំពីការផ្គត់ផ្គង់សព្វាវុធរបស់អាមេរិក៕