(វ៉ាស៊ីនតោន)៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៥នាក់ត្រូវបានសម្លាប់ពេញមួយយប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ នេះបើតាមមន្ត្រីសុខាភិបាលក្នុងតំបន់ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកកំពុងរង់ចាំចម្លើយពីក្រុមហាម៉ាស់ចំពោះ សំណើចុងក្រោយរបស់លោកសម្រាប់បទឈប់បាញ់ក្នុងរយៈពេល ២៤ម៉ោងខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។

មន្ត្រីសុខាភិបាលនៅមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា បាននិយាយថា យោធាអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសទៅលើជំរំតង់មួយកន្លែងនៅភាគខាងលិចនៃទីក្រុងនៅម៉ោងប្រហែល ២ទៀបភ្លឺ ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១៥នាក់ ដែលបានផ្លាស់ទីលំនៅដោយសារសង្គ្រាមជិតពីរឆ្នាំមកនេះ។

នៅពេលក្រោយមកនាថ្ងៃសុក្រ ក្រុមគ្រួសារបានប្រមូលផ្តុំគ្នាដើម្បីធ្វើពិធីបុណ្យសព មុនពេលបញ្ចុះសពអ្នកដែលបានស្លាប់។ ក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ឈ្មោះ Mayar Al Farr បានយំសោកថា​ «បទឈប់បាញ់នឹងមកដល់ ហើយខ្ញុំបានបាត់បង់បងប្រុសរបស់ខ្ញុំ? គួរតែមានបទឈប់បាញ់តាំងពីយូរណាស់មកហើយ មុនពេលខ្ញុំបាត់បង់បងប្រុសខ្ញុំ»។

ការវាយប្រហារនេះ កើតឡើងខណៈដែលកិច្ចខិតខំប្រឹងប្រែងការទូតកំពុងឈានដល់ចំណុចសំខាន់។ លោក ត្រាំ បានថ្លែងនៅព្រឹកថ្ងៃសុក្រថា គេនឹងដឹងក្នុងរយៈពេល ២៤ម៉ោងទៀត ថាតើក្រុមហាម៉ាស់ទទួលយកបទឈប់បាញ់ដែរឬទេ។ កាលពីថ្ងៃអង្គារ លោកប្រធានាធិបតីបានប្រកាសថា អ៊ីស្រាអែលបានទទួលយកលក្ខខណ្ឌដែលចាំបាច់ដើម្បីបញ្ចប់បទឈប់បាញ់រយៈពេល ៦០ថ្ងៃជាមួយក្រុមហាម៉ាស់ ដែលក្នុងអំឡុងពេលនោះភាគីនានានឹងធ្វើការឆ្ពោះទៅរកការបញ្ចប់សង្គ្រាម។

ក្រុមហាម៉ាស់ ដែលកន្លងមកបានប្រកាសថា ខ្លួននឹងយល់ព្រមតែលើកិច្ចព្រមព្រៀងដែលបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ប៉ុណ្ណោះ បាននិយាយថា ខ្លួនកំពុងសិក្សាសំណើនេះ ប៉ុន្តែមិនបានផ្តល់ការបញ្ជាក់ជាសាធារណៈណាមួយថាតើខ្លួននឹងទទួលយក ឬបដិសេធនោះទេ។

គួរបញ្ជាក់ថា ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការឆ្លើយតបរបស់ក្រុមហាម៉ាស់ ដែលអាចនឹងកំណត់ជោគវាសនានៃបទឈប់បាញ់ និងការផ្អាកអំពើហិង្សាដែលបានអូសបន្លាយជិតពីរឆ្នាំមកនេះ៕