(Reuters)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកបានចុះហត្ថលេខាលើលិខិតជូនដំណឹងទៅកាន់ប្រទេសចំនួន១២ ពីអត្រាពន្ធគយដែលពួកគេនឹងត្រូវបង់លើ មុខទំនិញដែលពួកគេនាំចេញទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់រដ្ឋ New Jersey កាលពីថ្ងៃសុក្រ ទី៤ ខែកក្កដា លោក ត្រាំ មិនបានបង្ហើបឱ្យដឹងពីឈ្មោះប្រទេស ទាំង១២ ដែលនឹងត្រូវទទួលបានលិខិតជូនដំណឹងលើអត្រាពន្ធគយពីសហរដ្ឋអាមេរិកនោះទេ។ លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានប្រាប់ក្រុមអ្នកសារព័ត៌មានថាលោករំពឹងថាលិខិត ក្នុងកញ្ចប់ទី១នឹងត្រូវផ្ញើនៅថ្ងៃសុក្រសប្ដាហ៍នេះ ចំថ្ងៃបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក។ តែកាលបរិច្ឆេទនៃការផ្ញើលិខិតត្រូវបានផ្លាស់ប្ដូរ។

គួរបញ្ជាក់ថា ការផ្អាកការយកពន្ធគយកម្រិតខ្ពស់រយ​ៈពេល ៩០ថ្ងៃ របស់រដ្ឋបាលលោក ត្រាំ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៩ ខែកក្កដា ហើយកាលពីថ្ងៃសុក្រ លោកប្រធានាធិបតីអាមេរិកក៏បានព្រមាន ដែរថាអត្រាយកពន្ធអាចនឹងខ្ពស់ជាងការប្រកាសនាពេលកន្លងមក ឬអាចដល់ ៧០ភាគរយលើបណ្ដាប្រទេសមួយចំនួនដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហា៕