(អាមេរិក)៖ អាជ្ញាធរនៅសហរដ្ឋអាមេរិក បានឱ្យដឹងថា តួលេខចុងក្រោយបង្អស់នៃចំនួនមនុស្សបាត់បង់ជីវិត ក្រោយការវាយប្រហារ​នៃគ្រោះទឹកជំនន់កើតឡើងភ្លាមៗ នៅភាគកណ្តាលរដ្ឋ Texas បានកើនដល់យ៉ាងហោច៥០នាក់ហើយ ខណៈក្រុមសង្រ្គោះកំពុងបន្តស្វែងរក​អ្នកដែលបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៦ ខែកក្កដា ឆ្នាំ២០២៥។​

តំបន់ដែលមានអ្នកស្លាប់ច្រើនជាងគេ គឺ Kerr County ចំនួន៤៣នាក់ ហើយមានអ្នកបាត់ខ្លួនយ៉ាងហោច២៧នាក់។ ចំណែកនៅ Burnet County មនុស្ស៣នាក់ ត្រូវរាយការណ៍ថាស្លាប់ និង២នាក់បាត់ខ្លួន ខណៈនៅ Travis County វិញ មនុស្សយ៉ាងតិច​៤នាក់ក៏បានស្លាប់ផងដែរ ហើយ១៣នាក់បាត់ខ្លួន។ អាជ្ញាធររដ្ឋ Texas បាននិយាយថា មកទល់ពេលនេះ មនុស្សជាង៨៥០នាក់ ត្រូវបានជួយសង្រ្គោះ ដោយមានអ្នកខ្លះនៅតោងនឹងដើមឈើ ហើយតួលេខអ្នកស្លាប់ អាចនឹងបន្តកើនខ្ពស់ថែមទៀត។

គួរបញ្ជាក់ថា គ្រោះទឹកជំនន់ខាងលើបានកើតឡើងភ្លាមៗ នៅពេលដែលភ្លៀងបានធ្លាក់យ៉ាងខ្លាំងលើសការព្យាករ បណ្តាលឱ្យទឹកនៅទន្លេ Guadalupe ហក់ឡើងកម្ពស់ប្រមាណ៨ម៉ែត្រ ក្នុងរយៈពេលត្រឹមជាង៤០នាទី កាលពីថ្ងៃសុក្រសប្តាហ៍នេះ ជាហេតុធ្វើឱ្យ​អាជ្ញាធរក៏ដូចជាប្រជាជននៅក្នុងតំបន់ មិនបានត្រៀមខ្លួនប្រុងប្រយ័ត្នទុកជាមុន។ វាត្រូវបានចាត់ទុកជា គ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមួយ សម្រាប់រដ្ឋ Texas៕