(តេហេរ៉ង់)៖ កាលពីថ្ងៃសៅរ៍ ទី៥ ខែកក្កដា មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានបង្ហាញវត្តមានជាសាធារណៈលើកដំបូង ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមរយៈពេល១២ថ្ងៃ ជាមួយប្រទេសអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្នុងវីដេអូនៃការផ្សាយផ្ទាល់ដោយស្ថានីយទូរទស្សន៍រដ្ឋអ៉ីរ៉ង់ គេឃើញលោក Khamenei បានចូលរួមក្នុងពិធីសាសនាមួយនៅឯព្រះវិហារ Imam Khomeini ក្នុងរដ្ឋធានីតេហេរ៉ង់។ មេដឹកនាំកំពូលអ៉ីរ៉ង់វ័យ៨៦ឆ្នាំ ដែលកាន់អំណាចចាប់តាំងពីឆ្នាំ១៩៨៩រូបនេះ កាលពីសប្តាហ៍កន្លងទៅ ក៏បានថ្លែងសុន្ទរកថាមួយផងដែរ ក្នុងឃ្លីបវីដេអូដែលត្រូវបានថតទុកជាមុន ប៉ុន្តែលោកមិនបានបង្ហាញវត្តមានជាសាធារណៈឡើយ ចាប់តាំងពីអ៉ីស្រាអែលបានបង្កសង្រ្គាម ដោយបើកការវាយប្រហារទ្រង់ទ្រាយធំតាមផ្លូវអាកាស កាលពីថ្ងៃទី១៣ ខែមិថុនា។ វត្តមានជាសាធារណៈចុងក្រោយបង្អស់របស់លោក Khamenei គឺ២ថ្ងៃមុននោះ នៅពេលដែលលោកបានជួបជាមួយក្រុមសមាជិកសភាអ៉ីរ៉ង់។
អ៉ីស្រាអែលបានអះអាងថា យុទ្ធនាការទម្លាក់គ្រាប់បែករបស់ខ្លួន មានគោលដៅរារាំងអ៉ីរ៉ង់មិនឱ្យអភិវឌ្ឍបានអាវុធនុយក្លេអ៊ែរ បើទោះបីជាទីក្រុងតេហេរ៉ង់ បានបដិសេធម្តងហើយម្តងទៀតថា ខ្លួនមិនមានមហិច្ឆតាបែបនេះក៏ដោយ។ បើតាមការអះអាងរបស់អ៉ីរ៉ង់ មុនមានបទឈប់បាញ់នៅថ្ងៃទី២៤ ខែមិថុនា ការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល បានផ្តាច់ជីវិតមនុស្សច្រើនជាង ៩០០នាក់ ក្នុងនោះរួមមានទាំងមេបញ្ជាការយោធាជាន់ខ្ពស់ និងអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរឆ្នើមៗ។ រីឯបើតាមអាជ្ញាធរអ៉ីស្រាអែល ការបាញ់មីស៉ីលសងសឹករបស់អ៉ីរ៉ង់ បានសម្លាប់មនុស្សយ៉ាងហោច២៨នាក់៕