(RIO DE JANEIRO)៖ បណ្ដាមេដឹកនាំនៃក្រុមប្រទេស BRICS កាលពីថ្ងៃអាទិត្យ ទី៦ ខែកក្កដា បានថ្កោលទោសការវាយប្រហារលើតំបន់ហ្កាហ្សា និងអ៉ីរ៉ង់ ជាមួយការអំពាវនាវឱ្យ មានការធ្វើកំណែទម្រង់ស្ថាប័នពិភពលោក ក៏ដូចជាបង្ហាញឱ្យពិភពលោកបានឃើញថាប្លុករបស់ខ្លួនជាទីសុវត្ថិភាពសម្រាប់ការទូតពហុភាគី នៅចំពោះមុខជម្លោះហិង្សា និងសង្រ្គាមពាណិជ្ជកម្ម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ខណៈវេទិកានៃក្រុមប្រទេស G7 និង G20 កំពុងប្រឈមនឹងការបែកបាក់ដោយសារនយោបាយ America First របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ការពង្រីកខ្លួន របស់ក្រុមប្រទេស BRICS បានបើកឱកាសថ្មីមួយសម្រាប់ការសម្របសម្រួលការទូត។ នៅឯសុន្ទរកថាបើកកិច្ចប្រជុំកំពូល BRICS ក្នុងទីក្រុង Rio de Janeiro ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានប្រដូច BRICS ទៅនឹងចលនាមិនចូលបក្សសម្ព័ន្ធកាលពីសម័យសង្រ្គាមត្រជាក់ ដែលបដិសេធមិនឈរនៅខាង ភាគីណាមួយទេ។
«BRICS គឺជាអ្នកស្នងបន្តពីចលនាមិនចូលបក្សសម្ព័ន្ធ ហើយខណៈប្រព័ន្ធពហុភាគីកំពុងរងការវាយប្រហារ ស្វ័យភាពរបស់ពួកគេកំពុងស្ថិតក្រោមការត្រួតពិនិត្យសាជាថ្មី»។ នេះជាការគូសបញ្ជាក់របស់លោក Lula។ នៅក្នុងសេចក្ដីថ្លែងការណ៍រួមចេញផ្សាយកាលពីថ្ងៃអាទិត្យ បណ្ដាមេដឹកនាំនៃក្រុមប្រទេស BRICS បានចាត់ទុកថាការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងទីតាំងរោងចក្រនុយក្លេអ៊ែរស៊ីវិលរបស់អ៉ីរ៉ង់គឺជាទង្វើបំពានច្បាប់អន្តជាតិ។ BRICS ក៏បានបង្ហាញការព្រួយបារម្ភផងដែរពីប្រជាជនប៉ាឡេស្ទីន ពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា និងបានថ្កោលទោសនូវអ្វីសេចក្ដីថ្លែងការណ៍រួមដដែលហៅថាការវាយប្រហារភេរវកម្មក្នុងតំបន់កាស្មៀប៉ែកខាង គ្រប់គ្រងដោយឥណ្ឌា។
គួរបញ្ជាក់ថា BRICS គឺជាប្លុកមួយបង្កើតឡើងដំបូងដោយមេដឹកនាំមកពីប្រេស៊ីល រុស្ស៉ី ឥណ្ឌា និងចិន នៅឯកិច្ចប្រជុំកំពូលជាលើកដំបូងកាលពីឆ្នាំ២០០៩ ហើយក្រោយមក អាហ្វ្រិកខាងត្បូងបានក្លាយជាសមាជិក ហើយកាលពីឆ្នាំ២០២៤ BRICS បានប្រកាសបញ្ចូលអេហ្ស៉ីប អេត្យូពី ឥណ្ឌូណេស៊ី អ៉ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ជាសមាជិក។ កិច្ចប្រជុំ BRICS នៅប្រេស៊ីលក្នុងឆ្នាំនេះ មិនមានវត្តមានលោកប្រធានាធិបតីចិន ស៊ី ជីនពីងនោះទេ ដោយលោកបានបញ្ជូននាយករដ្ឋមន្ត្រីឱ្យចូលរួមជាតំណាង ខណៈលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ក៏អវត្តមានដែរដោយសារដីកាចាប់ខ្លួនរបស់ ICC៕