(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាលោកផ្ទាល់ជឿថាកិច្ចពិភាក្សារបស់លោកជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្ដាហ៍នេះ នឹងជួយជំរុញកិច្ចចរចាស្ដីពីការដោះលែងចំណាប់ខ្មាំងដែលកំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា និងកិច្ចព្រមព្រៀងបទឈប់បាញ់ ខណៈលោក ត្រាំ ព្យាករថាកិច្ចព្រមព្រៀងមួយអាចនឹងសម្រេចបានក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មុនឡើងយន្ដហោះធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី៦ ខែកក្កដា លោក Netanyahu បានឱ្យដឹងថាក្រុមអ្នកចរចាអ៉ីស្រាអែលដែលកំពុងចូលរួមក្នុងកិច្ចចរចា ស្ដីពីបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃអាទិត្យ បានបញ្ជាក់យ៉ាងច្បាស់ពីការឈានទៅសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់ នៅក្រោមលក្ខខណ្ឌដែលអ៉ីស្រាអែល អាចទទួលយកបាន។

លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់ថាកិច្ចពិភាក្សាជាមួយលោកប្រធានាធិបតី ត្រាំ អាចនឹងជួយជំរុញលទ្ធផលទាំងនេះ»។ លោកបន្ថែមថារដ្ឋាភិបាលរបស់លោក នឹងធានាការដោះលែងចំណាប់ខ្មាំងដែលកំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា និងលុបចោលការគំរាមកំហែងបង្កឡើងដោយក្រុមហាម៉ាសចំពោះអ៉ីស្រាអែល។

គួរបញ្ជាក់ថា វានឹងក្លាយជាដំណើរទស្សនកិច្ចលើកទី៣ របស់លោក Netanyahu ទៅកាន់សេតវិមាន ចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់តំណែងជាប្រធានាធិបតីក្នុងរយៈពេលជាង ៦ខែមកនេះ។ លោក ត្រាំ វិញក៏បានបង្ហើបដែរថាលោកផ្ទាល់ជឿថាកិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងអាចនឹងសម្រេចបានក្នុងសប្ដាហ៍នេះ៕