(RIO, ប្រេស៉ីល)៖ នាថ្ងៃចន្ទ ទី៧ ខែកក្កដា បណ្តាមេដឹកនាំនៃសមាគមប្រទេស BRICS បានរៀបចំដាក់ចេញនូវសំណើ ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូល ក្នុងទីក្រុង Rio de Janeiro ដោយទាមទារឱ្យប្រទេសអ្នកមានផ្តល់មូលនិធិ ដើម្បីគាំទ្រកិច្ចប្រឹងប្រែងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ជាសកល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រធានាធិបតីប្រេស៉ីល លោក Luiz Inacio Lula da Silva បានលើកឡើងពីសារៈសំខាន់នៃលោកខាងត្បូង (Global South) ក្នុងការដោះស្រាយការឡើងកំដៅផែនដី ខណៈដែលលោកត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាកាសធាតុ របស់អង្គការសហប្រជាជាតិ ក្នុងខែវិច្ឆិកាខាងមុខ។
ទោះជាបែបនេះក្តី សេចក្តីថ្លែងការណ៍រួមរបស់បណ្តាលមេដឹកនាំ BRICS បានអះអាងថា ឥន្ធនៈហ្វូស៉ីល នឹងបន្តដើរតួសំខាន់ នៅក្នុងប្រភពថាមពលចម្រុះរបស់ពិភពលោក ពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ បណ្តាមេដឹកនាំ BRICS គូសបញ្ជាក់ថា ការផ្តល់ហិរញ្ញប្បទានអាកាសធាតុ គឺជាទំនួលខុសត្រូវរបស់ប្រទេសអភិវឌ្ឍ ហើយកំពុងឆ្ពោះទៅរកប្រទេសកំពុងអភិវឌ្ឍ។
សេចក្តីថ្លែងការណ៍រួមដដែលនេះ ក៏បានលើកឡើងផងដែរ អំពីការគាំទ្រសម្រាប់ក្រុមមូលនិធិ ដែលប្រេស៉ីលបានស្នើឡើង ដើម្បីការពារព្រៃឈើជិតផុតពូជ តាមរយៈមូលនិធិពីប្រទេសអភិវឌ្ឍ និងធ្វើការងារកាត់បន្ថយបញ្ហាប្រែប្រួលអាកាសធាតុ ក្រោមកិច្ចព្រមព្រៀងប៉ារីសឆ្នាំ ២០១៥។ តាមប្រភពដែល Reuters ទទួលបានកាលពីសប្តាហ៍មុន ចិន និងអេមីរ៉ាត់អារ៉ាប់រួម (UAE) មានផែនការចូលរួមក្នុងមូលនិធិនេះ៕